កំពង់ចាម៖ នៅវេលាម៉ោង ១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦, ច្រាំងទន្លេមេគង្គ ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានបន្តបាក់ស្រុតចូលទឹកទន្លេ បង្កឱ្យប្រជាពលរដ្ឋ និងអ្នកលក់ដូរ តាមមាត់ទន្លេមានភាពភ្ញាក់ផ្អើល និងកើតការព្រួយបារម្ភយ៉ាងខ្លាំង។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចុះត្រួតពិនិត្យកន្លែងហេតុការណ៍ និងហាមឲ្យប្រជាពលរដ្ឋធ្វើដំណើរ និងលក់ដូរតាមមាត់ទន្លេនៅក្បែរកន្លែងបាក់ស្រុត ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។
ក្រៅពីនេះ អភិបាលខេត្តបានណែនាំឱ្យ កងកម្លាំងអាវុធហត្ថ, កងកម្លាំងនគរបាល និងអាជ្ញាធរក្រុង សហការគ្នា ក្នុងការសម្រួលចរាចរណ៍ និង បិទផ្លូវជាបណ្ដោះអាសន្ន រង់ចាំមន្ត្រីជំនាញចុះត្រួតពិនិត្យ និងជួសជុលច្រាំងឡើងវិញ។
តាមការប្រភពព័ត៌មានបានបង្ហាញថា ច្រាំងទន្លេខាងលើបានបន្តបាក់ស្រុត ប្រវែងប្រមាណ ១០០ ម៉ែត្រ ទទឹងប្រមាណ ១០ ម៉ែត្រ។ ប្រជាពលរដ្ឋត្រូវបានអំពាវនាវឱ្យប្រយ័ត្ន និងគោរពតាមការណែនាំសុវត្ថិភាព របស់អាជ្ញាធរ៕




