2026-01-31 14:04
4

ព្រះវិហារ៖ កងកម្លាំងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ហៅថា «CMAC» ប្រចាំទិសខេត្តព្រះវិហារ បានប្រតិបត្តិការដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទ MK-82 ទម្ងន់ជាង ២៣០ គីឡូក្រាម ចំនួន ០២ គ្រាប់ ដោយសុវត្ថិភាព។

តាមការបញ្ជាក់ គ្រាប់បែកទាំងពីរនេះ ត្រូវបានផលិតនៅខែមករា ឆ្នាំ២០១០ និងខែឧសភា ឆ្នាំ២០១១ ហើយត្រូវបានទម្លាក់កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រសមរភូមិតាមបណ្តោយព្រំដែន កម្ពុជា-សៀម កំឡុងពេលមានការប្រយុទ្ធយ៉ាងស្វិតរវាងកងទ័ពឈ្លានពានសៀម ជាមួយកងទ័ពកម្ពុជាការពារអធិបតេយ្យ និងបូរភាពទឹកដីកម្ពុជា។

ប្រតិបត្តិការដោះបន្សាបត្រូវបានអនុវត្តដោយក្រុមជំនាញបច្ចេកទេសរបស់ CMAC ក្រោមវិធានការសុវត្ថិភាពតឹងរឹង ដើម្បីបង្ការហានិភ័យដល់ប្រជាពលរដ្ឋ និងបរិស្ថានជុំវិញតំបន់។

CMAC បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតំបន់ជិតខាង បន្តមានការប្រុងប្រយ័ត្ន និងរាយការណ៍ភ្លាមៗទៅអាជ្ញាធរ ប្រសិនបើប្រទះឃើញវត្ថុសង្ស័យស្រដៀងគ្រាប់មីន ឬគ្រាប់បែកមិនទាន់ផ្ទុះ ដើម្បីឱ្យក្រុមជំនាញចូលអន្តរាគមន៍បានទាន់ពេលវេលា៕