2024-06-05 04:06
147

(បាត់ដំបង) ជនសង្ស័យជាមុខសញ្ញាលួចអំពូលសូឡាតាមផ្ទះ០១នាក់ក្នុងចំណោមបក្សពួក០២នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថឃាត់ខ្លួននៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចបុរីមរត ស្ថិតក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ឈឿន ចំរ៉ុង (ហៅ) ជ័យ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកបើកម៉ូតូ) ចំណែកប័ក្សពួកដែលរត់គេចខ្លួនឈ្មោះ ណាន់ ភេទប្រុស អាយុប្រហែល ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរ ស្នាក់នៅភូមិវត្តរំដួល សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ខាងលើនេះបានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា សេរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AT-8768 ធ្វើសកម្មភាពលួចដោះអំពូលភ្លើងសូឡានៅមុខផ្ទះរបស់ឈ្មោះ ជឹម ភា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមេការបុរី ទីលំនៅចំណុចកើតហេតុខាងលើ ខណះពេលដែលជនរងគ្រោះមិននៅផ្ទះ ក្រោយពីធ្វើសកម្មភាព ជនសង្ស័យបានឡើងជិះម៉ូតូគេចខ្លួន ពេលនោះជនរងគ្រោះឃើញក៏ជិះម៉ូតូដេញតាមដល់ចំណុចរង្វង់មូលដើមពោធិ៍មស្រី ក៏ឃាត់បានជនសង្ស័យ ០១នាក់ ឈ្មោះ ឈឿន ចំរ៉ុង ជាមួយវត្តុតាងម៉ូតូ ០១គ្រឿង និងអំពូលសូឡា ០១គ្រឿងរួចក៏ប្តឹងសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់នៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕