2024-06-06 07:06
162

តាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានអញ្ជើញផ្សព្វផ្សាយច្បាប់ស្ដីពីការ ប្រយុទ្ធប្រឆាំងគ្រឿង ការលុបបំបាត់ក្មេងទំនើង និង ច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស ចំនួន ២១៥៥នាក់ កំពុងសិក្សារៀនសូត្រ នៅវិទ្យាល័យជាស៊ីមតាកែវ ស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក ទេវ ពណ្ណរាយ ព្រះរាអាជ្ញារង លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក កង អាណាន់ អភិបាលក្រុងដូនកែវ និង លោកគ្រូ អ្នកគ្រូ ចូលរួមជាច្រើនរូបផងដែរ។
    ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានមានប្រសាសន៍ថា គ្រឿងញៀន គឺជាបញ្ហាដ៏ស្មុគស្មាញ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាគ្រឿងញៀន ព្រមទាំងបានដាក់ចេញនូវវិធានការនានា បង្រ្កាបឱ្យអស់នៅករណីជួញដូរ រក្សា និងប្រើប្រាស់គ្រឿងញៀននៅទូទាំងប្រទេស។
   ឯកឧត្តមបានបន្តថា ក្នុងនាមយើងជាយុវជនដែលជាទំពាំងស្នងឫស្សីត្រូវចូលរួមឱ្យបានផុសផុល នូវយុទ្ធនាការលុបបំបាត់ការជួញដូរ រក្សា និងប្រើប្រាស់គ្រឿងញៀន នៅក្នុងមូលដ្ឋានដោយផ្តើមចេញពីយើងទាំងអស់គ្នា។
   ឯកឧត្តមព្រះរាជអាជ្ញា បានបន្តទៀតថា ក្នុងករណីដែលដឹងអំពីព័ត៌មាននៃការចរាចរករណីជួញដូរ រក្សា និងប្រើប្រាស់គ្រឿងញៀន នៅមូលដ្ឋានរបស់យើង ត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីអន្តរាគមន៍បង្ក្រាបឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះក្នុងនាមយើងជាសិស្សានុសិស្ស យើងត្រូវចៀសឱ្យឆ្ងាយគ្រឿងញៀន និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបញ្ហាគ្រឿងញៀន និងច្បាប់ចរាចរណ៍ ទៅដល់ក្រុមគ្រួសារ មិត្តភក្តិ សហគមន៍ ឲ្យពួកគាត់បានយល់ជ្រាប និងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជួញដូរ និងចរាចរណ៍គ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា៕