2024-06-06 07:06
169

កាលពីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២៤ វេលាម៉ោង១១និង០៥នាទី នៅចំណុចភូមិព្រៃដាច់ ឃុំអូរតាគី ស្រុ កថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដោយមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ និង កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោលដែលដឹកនាំដោយលោក វរសេនីយ៍ទោ សេង លុច ជាអធិការ ចុះប្រតិបត្តិការ បង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( យកកាបូប និង ទូរស័ព្ទដៃ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ស៊ឹម ពេជ្រ ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិចំការសំរោង២សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដេីម្បីសាកសួរស្រាវជ្រាវ ។
   សូមជម្រាបជូនថា កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤ នៅចន្លោះវេលាម៉ោង ០៣និង៥០ទៅ០៤និង ៣០ នាទីនៅចំណុចភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើរួមជាមួយបក្សពួកម្នាក់ទៀត បានចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ឈ្មោះ អ៉ី ណា ភេទប្រុស អាយុ ៤៧ ឆ្នាំ មានទីលំនៅក្នុង ខេត្តប៉ៃលិន ហើយលួចយកកាបូបនិងទូរស័ព្ទដៃរបស់ជនរងគ្រោះហើយក៏ជិះគេចខ្លួនបាត់ ។

   ក្រោយកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលនិងឆ្លងតាមរយៈនៃការស្រាវជ្រាវសមត្ថកិច្ចកំណត់មុខសញ្ញាបានរហូតឈានដល់ការឃាត់ខ្លួនតែម្តង។

នៅពេលនេះសមត្ថកិច្ចបាធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕(រូបភាពផែនការងារព្រហ្មទ័ណ្ឌ/គឹមសុង)