2024-06-07 12:52
260

ភ្នំពេញ៖ នាឱកាសអញ្ជើញជាអធិបតីភាពពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការកំពង់ផែពហុបំណងកំពត មានតម្លៃប្រមាណ ១៤លានដុល្លារ របស់ ក្រុមហ៊ុន កំពត ផត នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារទៅក្រុមក្មេងទំនើងបងតូចបងធំ នឹងបានបញ្ជាជាថ្មីទៅកាន់ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវអនុវត្តវិធានការ «ងើបមួយបង្ក្រាបមួយ»។

ការព្រមាន និងដាក់បទបញ្ជាសារជាថ្មី របស់នាយករដ្ឋមន្ត្រី គឺមានន័យថា ត្រូវបង្ក្រាបឲ្យអស់នូវសកម្មភាពក្រុមក្មេងទំនើងបងតូចបងធំដែលបង្កភាពអសន្តិសុខសង្គម និងនាំឱ្យប៉ះបាល់សណ្តាប់ធ្នាប់សាធារណៈដែលបង្កដោយក្មេងក្រុមទំនើងត្រូវបង្ក្រាបដាច់ខាត និងមិនត្រូវដោះលេងដោយគ្មានមូលហេតុតឲច្បាស់លាស់ឡើយ។

សម្ដេចធិបតីនាយកដ្ឋមន្ត្រី ក៏បានបញ្ជាក់ថាទៅកាន់ស្ថាប័នតុលាការដែរថា៖ «ប្រសិនបើសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការហើយមិនត្រូវដោះលែងដោយគ្មានមូលហេតុច្បាស់លាស់នោះទេ»។
ពាក់ព័ន្ធករណីក្មេងទំនើងនេះដែរ កាលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំតុលាការនៅទូទាំងប្រទេស ដើម្បីណែនាំអំពីការអនុវត្តវិធានការច្បាប់ ឱ្យបានម៉ឺងម៉ាត់ក្នុងសំណុំរឿងដែលពាក់ព័ន្ធនឹងក្មេងទំនើង ដើម្បីរួមចំណែកក្នុងកិច្ចការបង្ការ និងទប់ស្កាត់សកម្មភាពរបស់ក្រុមក្មេងទំនើង សំដៅធានាការពារសណ្តាប់ធ្នាប់សាធារណៈ, សន្តិសុខសង្គម, សេចក្តីថ្លៃថ្នូររបស់សង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាជន ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានគូសបញ្ជាក់ផងដែរ អំពីការបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តវិធានការច្បាប់ នៅក្នុងសំណុំរឿងក្មេងទំនើង ក៏ដូចជា សំណុំរឿងគ្រឿងញៀន, សំណុំរឿងចរាចរណ៍ និងសំណុំរឿងអត្រានុកូលដ្ឋាន ដែលសុទ្ធសឹងជាសំណុំរឿងអាទិភាព នៅក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ៕