2024-06-09 17:00
316

(ចិន)៖ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសចិន បានតាំងចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ដែលបង្កើតឡើងដោយក្រុមអគតិ ដើម្បីចូលរួមថែរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍ និងការពារចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ។
   ការតាំងចិត្តនេះធ្វើឡើងនៅអំឡុងពេលនៃជំនួបជាមួយថ្នាក់ដឹកនាំរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយខេត្តយូណាន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ព័ត៌មានក្លែងក្លាយដែលត្រូវបានរដ្ឋមន្ត្រី នេត្រ ភក្ត្រា គូសបញ្ជាក់ថា បាននិងកំពុងបង្កើតឡើងនិងចរាចរណ៍ក្នុងបណ្តាញទំនាក់ទំនងសង្គម និងបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គមព្រោះងាយស្រួលបង្កើត និងងាយស្រួលផ្សព្វផ្សាយ។
ជាមួយគ្នានេះក្នុងវេទិកានៃការបើកសម្ពោធកម្មវិធីសំឡេងបេតិកភណ្ឌ «ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជននៃប្រទេសទាំងពីរចូលរួមសហការគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ខណៈក្នុងសម័យឌីជីថលនេះ ព័ត៌មានក្លែងក្លាយជាច្រើនត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមបង្កបដោយរបៀបវារៈទុច្ចរិត បង្កើតឱ្យមានការយល់ច្រឡំ និងមានទិសដៅបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ លើការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ការវិនយោគ និងសកម្មភាពមនុស្សធម៌ផ្សេងៗ។
   រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានកម្ពុជា បានដាក់ចុះនូវយន្តការនិងវិធានការនៃការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ដោយប្រើប្រាស់យុទ្ធសាស្ត្រ ៣ប គឺ«បញ្ជ្រាប បន្សាប និងបង្ក្រាប» ហើយបច្ចុប្បន្ននេះ ក្រសួងព័ត៌មានបាននិងកំពុងអនុវត្តកិច្ចការនេះ យ៉ាងយកចិត្តទុកដាក់បំផុត។ ដើម្បីអនុវត្តការងារនេះ, ក្រសួងព័ត៌មានបានបង្កើតគណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ។ ជាលទ្ធផល ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ព័ត៌មានក្លែងក្លាយជាង៣ពាន់ត្រូវបានកត់ត្រា ហើយករណីខ្លះត្រូវបានចាត់វិធានការតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ លោកក៏បានលើកឡើងថាមានការបង្កើតព័ត៌មានក្លែងក្លាយជាច្រើនតាមប្រព័ន្ធទំនាក់ទំនងសង្គមដែលបានជះឥទ្ធិពលដល់ការផ្សព្វផ្សាយពីទេសចរណ៍និងវប្បធម៌។ រដ្ឋមន្ត្រីបានអំពាវនាវដល់ពលរដ្ឋកម្ពុជានិងចិន កុំជឿលើការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញទំនាក់ទំនងសង្គមដែលគ្មានប្រភពពិតប្រាកដ និងត្រូវជឿជាក់លើការផ្សព្វផ្សាយព័ត៌មានវិជ្ជាជីវៈនៃប្រព័ន្ធផ្សព្វផ្សាយផ្លូវការ។
   រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថាការទប់ស្កាត់និងលុបបំបាត់ព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ជាភារកិច្ចរួមរបស់យើងដើម្បីពង្រឹងសន្តិសុខព័ត៌មាន និងផ្តល់សុវត្ថិភាពព័ត៌មានជូនអ្នកប្រើប្រាស់ និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗ ដល់សង្គមនិងអ្នកទទួលព័ត៌មានដែលបង្កឡើងដោយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
លោកក៏បានជម្រាបជូនភាគីចិនផងដែរថាក្រសួងព័ត៌មានគ្រោងនឹងដឹកនាំធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនាពេលខាងមុខ និងមានបំណងពង្រីកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ ក្នុងក្របខណ្ឌទូលំទូលាយព្រោះថា បញ្ហាព័ត៌មានក្លែងក្លាយជាបញ្ហារួម និងប្រទេសទាំងអស់តែងតែជួបប្រទះនូវបញ្ហាទាំងនេះដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវរួមសហការប្រយុទ្ធប្រឆាំង។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានជម្រាបជូនភាគីចិនថាការរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដើម្បីគោលដៅពង្រឹងសន្តិសុខព័ត៌មាន និងផ្តល់សុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាការពារនូវកេរ្តិ៍ឈ្មោះកិត្តិយសប្រជាជាតិទាំង ២។ យុទ្ធនាការដែលបានគាំទ្រដោយប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិន។
  លោកជំទាវជឹង យៀន សមាជិកអចិន្ត្រៃយ៍និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនៅខេត្តយូណានបានគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ និងសន្យាសហការ ជាមួយកម្ពុជាលើកិច្ចការនេះ៕