2024-06-12 09:06
162

នាព្រឹកថ្ងៃពុធ ទី៥ ខែមិថុនាឆ្នាំ ២០២៤ លោក អ៊ឹម សុភ័ក្រ អាជ្ញាសាលានៃការដំបូងខេត្តព្រះសីហនុបានដឹកនាំក្រុមការងារគណៈកម្មការស្រុកចុះអនុវត្តសាលដិការបស់តុលាការកំពូលដែលសម្រេចជាស្ថាពរ ស្ថិតនៅក្នុងភូមិ២ ឃុំអូត្រេះ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់លោកស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវលោក អាន និមល ប្រធានស្ដីទីការិយាល័យ ដ.ន.ស.ភលោក ញ៉ ញៀន នាយកផ្នែកព្រហ្មទណ្ឌស្រុកស្ទឹងហាវលោក លឹម ទូស៊ុន មេឃុំអូត្រេះលោក ទីម មិនា នាយប៉ុស្តិ៍នគរបាលឃុំអូត្រេះ និងលោក ហួត ប៉ាង មេភូមិ២ ចុះអនុវត្តន៍សាលដិកាសម្រេចឱ្យឈ្មោះសុខខេង ភេទស្រី កើតឆ្នាំ ១៩៦៦ មានសិទ្ធិគ្រប់គ្រងក្នុងនាមជាម្ចាស់កម្មសិទ្ធិតែម្នាក់ឯងនៅដីមួយកន្លែងមានលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីលេខ ៣៣/០៣ សកអត ចុះថ្ងៃទី៤ ខែឧសភាឆ្នាំ២០០៣ និងលិខិតបញ្ជាក់លេខ ៧០៩/២០ អត ចុះថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២០ របស់សាលាឃុំអូត្រេះចាប់ពីពេលនេះតទៅ។
   យោងតាមសំណុំរឿងអនុវត្តដោយបង្ខំលេខ ០២ចុះថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២៤ របស់សាលាដំបូងខេត្តព្រះសីហនុ រវាងម្ចាស់បំណុលនៃការអនុវត្តឈ្មោះ សុខខេង និងកូនបំណុល នៃការអនុវត្តឈ្មោះ លឹមសុធា សាលដីការដ្ឋប្បវេណីស្ថាពរលេខ៣៤"ន"ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ របស់តុលាការកំពូលដែលមានខ្លឹមសារនៃសេចក្ដីសម្រេចបញ្ចប់ដូចខាងក្រោម
តម្កល់សាលដិការរដ្ឋប្បវេណីលេខ ០២៣/០៦ រណ.ក្រVIII ចុះថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ព្រះសីហនុ មានសេចក្ដីសម្រេចបញ្ចប់ត្រង់ចំណុចទី២ តម្កល់សាលក្រមរដ្ឋប្បវេណីលេខ១៩/០២"ញ"ចុះថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ២០២១ របស់សាលាដំបូងខេត្តព្រះសីហនុ ត្រង់ចំណុចទីមួយនៃសេចក្ដីសម្រេចបញ្ចប់ទុកជាបានការ។
   ក្នុងពេលអនុវត្តសាលដិកា លោកឈុនជ្រា មេធាវីតំណាងដោយកូនបំណុលឈ្មោះ លឹម សុធា បានឱ្យដឹងថា លិខិតផ្ទេសិទ្ធិកាន់កាប់ដែលអ្នកស្រី សុខខេង យកមកប្តឹងលោកលឹម សុធា គឺមិនបានបញ្ជាក់ពីគំនូសទីតាំងដីទេ លោកថាកូនក្ដីរបស់លោកឈ្មោះ លឹមសុធា គឺមានឯកសារកាន់កាប់ត្រឹមត្រូវ ឯកសារមានការទទួលស្គាល់ពីអាជ្ញាធរភូមិឃុំតាំងពីដើមមក និងមានលិខិតបញ្ជាក់ពីអាជីវកម្មការធ្វើស្រែបង្គានិងចិញ្ចឹមសត្វត្រចៀកកាំជាដើម បើនិយាយឱ្យឆាប់យល់កូនក្ដីរបស់លោកឈ្មោះលឹម សុធា គឺមានលិខិតកាន់កាប់មួយកំផ្លេ ចំណែកឯភាគីខាងលោកស្រីសុខខេង គឺមានត្រឹមលិខិតកាន់កាប់តែមួយសន្លឹកប៉ុណ្ណោះ ដែលយកមកប្ដឹងគ្របលើដីកម្មសិទ្ធិកូនបំណុលរបស់លោក មួយវិញទៀតលិខិតផ្ទេសិទ្ធិដីធ្លីរបស់លោកស្រី សុខខេង អត់មានទំហំទេ តើមេឃុំដែលចេញសេចក្ដីបញ្ជាក់នៅក្នុងលិខិតលេខ៧០៩ ចុះថ្ងៃទី១៩ ខែមិថុនាឆ្នាំ ២០២០ ចេញបញ្ជាក់ទទួលស្គាល់លិខិតលេខ៣៣ ដែលមានទំហំ ១១៦៦៥ ម៉ែត្រការ៉េនេះបានមកពីណា ព្រោះលោកមេឃុំមិនមែនជា មន្ត្រីភូមិបាលផង តើគាត់មានសិទ្ធិបញ្ជាក់អំពីទំហំម៉ែត្រការ៉េមកពីណា ដែលហានធ្វើសេចក្ដីបញ្ជាក់ទទួលស្គាល់លិខិតលេខ ៣៣ ថាជាដីរបស់លោកស្រី សុខខេងហ្នឹងមានទំហំប៉ុណ្ណឹង? ព្រោះក្នុងលិខិតដើមអត់មានបញ្ជាក់អំពីទំហំទេលោកឈុនជ្រា មេធាវី លោកលឹមសុធា បញ្ជាក់បន្ថែមថាមូលហេតុដែលលោកស្រីសុខខេង ឈ្នះក្ដីនោះ គឺដោយសារលោកស្រីលើកហេតុផលថាលោកស្រីនិងស្វាមីលែងលះគ្នាហើយក៏ប៉ុន្តែមិនទាន់បានចែកទ្រព្យរួម  ដូច្នេះលោកស្រីបានយកដីទីតាំងខាងលើនេះមកបញ្ជាក់ថាជាដីទ្រព្យដែលត្រូវប្រគល់ជូនលោកស្រីក៏ប៉ុន្តែលោកស្រី សុខខេង ប្រហែលជាភ្លេចខ្លួន ព្រោះកន្លងមកលោកស្រីបានទៅធ្វើលិខិតបញ្ជាក់នៅសាលាឃុំស្ទឹងហាវដោយបញ្ជាក់ថា ក្រោយលែងលះ ទ្រព្យដែលនៅសល់អ្នកណាធ្លាប់កាន់កាប់អី សូមកាន់កាប់បន្តទៀតទៅ មិនបាច់ប្ដឹងគ្នានោះទេ ដូច្នេះភាគីខាងលោកស្រីមិនមានសិទ្ធិប្ដឹងយកដីដែលជាចំណែករបស់លោកលឹមសុធា កូនក្ដីរបស់លោកនោះទេ។
  មេធាវីលោក លឹមសុធា បានបញ្ជាក់ច្បាស់ៗថាលិខិតកាន់កាប់របស់លោកស្រី សុខហេង លិខិតលេខ៣៣ មានមួយផ្នែកព្រំប្រទល់ខាងជើងគឺជាប់និងដីរបស់លោក លឹមសុធា ហើយចំពោះការអនុវត្តរបស់អាជ្ញាសាលាគឺផ្ទុយពីខ្លឹមសារនៃសាលក្រមនិងសាលដីការបស់សាលាដំបូងនិងតុលាការកំពូល ដូចម្ដេចដែរថាផ្ទុយនោះគឺគេទទួលស្គាល់លិខិតលេខ៣៣កាន់កាប់ផ្ទេសិទ្ធដីធ្លីរបស់លោកស្រី សុខ ខេង ប៉ុន្តែពេលអនុវត្តអាជ្ញាសាលានិងអាជ្ញាធរមិនបានស្វែងរកទីតាំងដីឬប្រគល់ដីឲ្យលោកស្រី សុខខេងត្រឹមត្រូវតាមទីតាំងនៃលិខិតលេខ៣៣ ដែលខ្លួនបានកាន់កាប់និងមានការប្រគល់ដោយតុលាការនោះទេ ដោយគ្រាន់តែឲ្យលោកស្រី សុខខេងទៅចង្អុលដីតែម្ដងនឹងមិនបានឲ្យភាគីម្ខាងទៀតចង្អុលឬតវាថាដីរបស់ លោកស្រី សុខខេង នៅត្រង់ចំណុចណាមួយទេ ដូចនេះអាជ្ញាសាលាមិនបានបំពេញតួនាទីនិងមិនបានធ្វើឲ្យត្រឹមត្រូវតាមច្បាប់ទេ។
ជុំវិញការលើកឡើងរបស់លោក ឈុនជ្រាមេធាវីលោកលឹមសុធា អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លើពីខាងលោកស្រី សុខខេង បានទេ។ ហើយបានទំនាក់ទំនងទៅសាច់ញាតិកូនលោកស្រី ក៏មិនមានការឆ្លើយមកវិញ។