2024-06-13 11:06
164

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េកយកា (KOICA) ប្រចាំកម្ពុជា បានប្រកាសពីការផ្តួចផ្តើមគម្រោងលើកកម្ពស់សេវាសុខាភិបាលក្នុងខណ្ឌដង្កោ ដែលជាតំបន់កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយនេះជាព័ត៌មានដ៏អស្ចារ្យសម្រាប់ប្រជាជនខណ្ឌដង្កោ។
ខណ្ឌដង្កោជាតំបន់ឧស្សាហកម្មដែលកំពុងមានការរីកចម្រើន និងមានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងក្រុងតាខ្មៅ។ កត្តាទាំងនេះបានជំរុញឱ្យមានការកើនឡើងនៃចំនួនប្រជាជន ដូច្នេះតម្រូវការសេវាសាធារណៈដែរប្រកបដោយគុណភាពក៏ការកើនឡើង ជាពិសេសសេវាសុខាភិបាល។
ដោយយល់ឃើញពីតម្រូវការដ៏សំខាន់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំការឧបត្ថម្ភគាំទ្រពីការិយាល័យ KOICA កម្ពុជា ដើម្បីកែលម្អមន្ទីរពេទ្យបង្អែកដង្កោកាលពីឆ្នាំមុន ហើយក៏បានទទួលការយល់ព្រមផ្តល់ជំនួយដើម្បីអនុវត្តគម្រោងនេះ។
   នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោកស្រី MoonJung CHOI នាយកតំណាងប្រចាំប្រទេសនៃការិយាល័យ KOICA កម្ពុជា បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី «គម្រោងលើកកម្ពស់សេវាសុខាភិបាលសាធារណៈនៅមន្ទីរពេទ្យបង្អែកដង្កោរាជធានីភ្នំពេញ»។ ឯកសារកំណត់ហេតុនៃកិច្ចពិភាក្សានេះ បានបញ្ជាក់ពីគោលបំណងរបស់គម្រោង ព័ត៌មានលម្អិតសំខាន់ៗ និងទំនួលខុសត្រូវរបស់ភាគីទាំងពីរ។
គម្រោងនេះមានថវិកាសរុបចំនួន១១លានដុល្លារ ដែលត្រូវបានកំណត់សម្រាប់សាងសង់អគារមន្ទីរពេទ្យថ្មីមួយ និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗទាន់សម័យ។ ជំនួយដ៏សំខាន់នេះ នឹងជួយអភិវឌ្ឍមន្ទីរពេទ្យបង្អែកដង្កោ ឱ្យឈានមុខគេក្នុងវិស័យសុខាភិបាល លើកកំពស់គុណភាពសេវា និងពង្រឹងផ្នែកសង្រ្គោះបន្ទាន់លើករណីរបួសបាក់បែកឆ្អឹង ហើយនឹងកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិកមន្ទីពេទ្យ ដើម្បីធានាថា ពួកគាត់អាចផ្តល់សេវាសុខាភិបាលល្អបំផុតដល់សហគមន៍។
មន្ទីរពេទ្យបង្អែកដង្កោ នឹងក្លាយទៅជាមន្ទីរពេទ្យកម្រិត CPA2 ដំបូងគេរបស់រាជធានីភ្នំពេញ ក្រោមភាពជាដៃគូរវាងរដ្ឋាភិបាលកម្ពុជា និងកូរ៉េតាមរយៈគម្រោងនេះ។ នេះជាអន្តរកាលនៃការផ្លាស់ប្តូរកម្រិតគុណភាពសេវាសុខាភិបាលដែលប្រជាជនក្នុងខណ្ឌដង្កោនិងទទួលបានសេវាវេជ្ជសាស្រ្ដកម្រិតខ្ពស់ បន្ថែមពីនេះ តាមរយៈសម្ធទិផលគម្រោងនិងជួយរួមចំណែកក្នុងការសម្រាលបន្ទុកនៃការកកស្ទះរបសលអ្នកមកទទួលសេវានៅមន្ទីរពេទ្យថ្នាក់ជាតិ។
    គម្រោងមន្ទីរពេទ្យបង្អែកដង្កោ នឹងក្លាយជាគំរូសម្រាប់គ្រឹះស្ថានសុខាភិបាលផ្សេងទៀតក្នុងរាជធានីភ្នំពេញទាក់ទងនឹងគុណភាពសេវា ប្រព័ន្ធបញ្ជូន និងផែនការគ្រប់គ្រងដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់ក្រសួងសុខាភិបាល។
គួររំលឹកផងដែរថា KOICA គឺជាទីភ្នាក់ងារផ្តល់ជំនួយទ្វេភាគីរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។ ចាប់តាំងពីការបើកការិយាល័យនៅទីក្រុងភ្នំពេញក្នុងឆ្នាំ២០០៣ ការិយាល័យ KOICAកម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្សេងៗក្នុងវិស័យអប់រំ វិស័យសុខាភិបាល និងវិស័យអភិវឌ្ឍន៍ជនបទ។
សុខភាពសាធារណៈ គឺជាវិស័យដ៏ចាំបាច់ និងសំខាន់បំផុតសម្រាប់លើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។ KOICA បានផ្តល់ជំនួយឧបត្ថម្ភថវិកាចំនួន ៨៩លានដុល្លារក្នុងវិស័យសុខាភិបាលដែលស្មើនឹង២៣ភាគរយនៃជំនួយសរុបរបស់ខ្លួន។ នេះរួមបញ្ចូលទាំងការបង្កើតមន្ទីរពេទ្យភ្នែក និង ត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួងក្នុងរាជធានីភ្នំពេញ និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកុមារជាតិ តាមរយៈគម្រោងចំនួនបីរួមទាំងគម្រោងដែលកំពុងដំណើរការដែលមានតម្លៃ ១៦លានដុល្លារ។
កិច្ចខិតខំប្រឹងប្រែងទាំងនេះបានអភិវឌ្ឍសមត្ថភាពព្យាបាលរោគកុមារក្នុងផ្នែក ភ្នែក ត្រចៀក ច្រមុះ បំពង់ក បន្ថែមពីលើវិសាលភាពនៃការព្យាបាលទូទៅ ឬការវះកាត់ដែលមានស្រាប់។
KOICA ក៏បានអនុវត្តគម្រោងលើកកម្ពស់សេវាសុខភាពមាតា និងទារកនៅភាគឦសាន ប្រទេស គឺខេត្តរតនគិរី និងមណ្ឌលគិរី ដែលមានសេវាសុខាភិបាលនៅមានកម្រិត ហើយជាលទ្ធផលនៃគម្រោងនេះ អគារសុខភាពមាតា និងទារកចំនួនប្រាំត្រូវបានបង្កើតឡើង ដែលមាននៅមន្ទីរពេទ្យខេត្តរតនគិរី និងមន្ទីរពេទ្យបង្អែកស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ លើសពីនេះ បរិក្ខារ ពេទ្យសម្រាប់សេវាសុខភាពមាតា និងទារក ត្រូវបានផ្គត់ផ្គង់ដល់មណ្ឌលសុខភាពទូទាំងតំបន់ ហើយបុគ្គលិកពេទ្យបានទទួលការបណ្តុះបណ្តាលលើផ្នែកសម្ភព និងរោគកុមារ តាមរយៈកម្មវិធីបណ្តុះបណ្តាលក្នុងប្រទេស និងនៅសាធារណៈរដ្ឋកូរ៉េ។
   កម្មវិធីផ្សព្វផ្សាយនៅសហគមន៍ត្រូវបានអនុវត្តដល់តំបន់ដែលខ្វះខាត រួមជាមួយនឹងការជួយលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ។ លើសពីនេះ KOICA អនុវត្តគម្រោងការពារព្យាបាលជំងឺមិនឆ្លង នៅខណ្ឌព្រែកព្នៅ ក្នុងរាជធានីភ្នំពេញ និងស្រុកថ្មគោល ខេត្តបាត់ដំបង។
គម្រោងទាំងនេះបានពង្រឹងដល់ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងមូលដ្ឋាន លើកកម្ពស់សកម្មភាពបង្ការជំងឺមិនឆ្លង និងលើកកម្ពស់សមត្ថភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ឲ្យដើរតួរជាអ្នកត្រួសត្រាយផ្លូវសម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងលើការគ្រប់គ្រងជំងឺមិនឆ្លង។
ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះ គម្រោងថ្មីដែលផ្តោតលើការលើកកកម្ពស់សេវាសុខាភិបាលសាធារណៈនៅមន្ទីរពេទ្យបង្អែកដង្កោ គឺជាកាតព្វកិច្ចថ្មីរបស់ KOICA ក្នុងការបង្កើនវិសាលភាពកិច្ចសហប្រតិបត្តិការរបស់ខ្លួន។ ក្រៅពីការជួយដល់មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីពេទ្យថ្នាក់ស្រុក ខេត្តផ្សេងទៀត គម្រោងនេះមានគោលបំណងជួយដល់ការអភិវឌ្ឍមន្ទីរពេទ្យកម្រិត CPA1 ទៅជាមន្ទីរពេទ្យកម្រិត CPA2 ដំបូងបង្អស់នៅរាជធានីភ្នំពេញ។
  តាមរយៈការជួយដល់មន្ទីរពេទ្យបង្អែកនៅជាយរាជធានីភ្នំពេញ គម្រោងនេះនឹងដើរតួជាកាតាលីករសម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាលក្នុងរាជធានីភ្នំពេញ ហើយក៏បានត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការបន្ថែមទៀតរវាង KOICA និង សាលារាជធានីភ្នំពេញដើម្បីធ្វើឲ្យគុណភាពជីវិតរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង៕