2024-06-13 19:27
308

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យលីមកុកវីងចំនួន៥៤០នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ សម្តេចមហាមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍៥ចំណុចដល់និស្សិត និងសាស្រ្តាចារ្យទាំងអស់ ដើម្បីបន្តរួមចំណែកដល់ការលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា និងបង្កើនសក្តានុពលរបស់ខ្លួនឱ្យកាន់តែខ្ពស់។
    សម្តេចធិបតី បានមានប្រសាសន៍ថា ទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់របស់និស្សិតជ័យលាភី និងដើម្បីបន្តរួមចំណែកដល់ការលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា ជាពិសេសចូលរួមអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស សូមផ្ដល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ដូចខាងក្រោម ៖ទី១.ជាមួយនឹងចំណេះដឹងទទួលបានពីការសិក្សានៅសាកលវិទ្យាល័យ លីមកុកវីង ជ័យលាភីទាំងអស់ គួរបន្តការសិក្សាជំនាញឯកទេសបន្ថែមទៀត ដើម្បីបង្កើនសក្តានុពលរបស់ខ្លួនឱ្យកាន់តែខ្ពស់តាមដែលអាចធ្វើទៅបាន និង ត្រូវអភិវឌ្ឍខ្លួនឱ្យក្លាយជាយុវជនឌីជីថល នឹងយុវជនសកល ក្នុងឯកទេសកម្មរៀងៗខ្លួនសំដៅទាញយកផលប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថល និងរួមចំណែកដល់ការកសាងម៉ូដែលកំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលផ្អែកលើជំនាញ បច្ចេកវិទ្យា និងនវានុវត្តន៍។ទី២.ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់គ្រប់សាស្ត្រាចារ្យទាំងអស់ បន្តអភិវឌ្ឍសមត្ថភាព និង បង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្រៀន និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និង ឧត្តមានុវត្តជាក់ស្តែង, ហើយចំណេះដឹងពីការស្រាវជ្រាវនេះ គួរតែបានចែករំលែកឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន។ទី៣. ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន បន្តធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សាឱ្យស្របនឹងតម្រូវការនៃទីផ្សារការងារ និងបន្តអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ដើម្បីធានានូវគុណភាពនៃការបណ្តុះបណ្តាល, ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិការណ៍នៃការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គម, ការប្រកួតប្រជែងនៃទីផ្សារការងារ, សាកលភាវូបនីយកម្ម និងការវិវត្តនៃសកលលោក។ទី៤. ខ្ញុំសូមលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សា ទាំងរដ្ឋ និងឯកជន បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានស្រាវជ្រាវជាតិអន្តរជាតិ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវរួមគ្នា ដកស្រង់បទពិសោធ និង ធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមក ដើម្បីផ្ទេរចំណេះដឹង បទពិសោធជាក់ស្ដែង និងឧត្តមានុវត្ត សំដៅបង្កើនគុណភាពនៃការអប់រំ ការបណ្ដុះបណ្ដាល និងការសិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរ។ ទី៥. សូមក្រសួងអប់រំ យុវជន និង កីឡា, ដៃគូអភិវឌ្ឍ, វិស័យឯកជន និងគ្រប់អង្គភាព ពាក់ព័ន្ធសហការ និងបន្តលើកស្ទួយវិស័យអប់រំ និងការបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរ តាមរយៈការធ្វើទំនើបកម្មអភិបាលកិច្ចគ្រប់គ្រង, ការផ្តល់សេវាបង្រៀនប្រកប ដោយគុណភាពខ្ពស់, និងកិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ព្រមទាំងយកចិត្តទុក ដាក់លើធនធានយុវជនសម្រាប់ជា សសរទ្រូងដ៏រឹងមាំ និងពោរពេញដោយសមត្ថភាព៕