2024-06-13 21:25
296

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» នៅវិមាន៧មករា។
    វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី១០ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ មានសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស អញ្ជើញចូលរួមសរុបចំនួន ១៣៣រូប (ស្រី១៨រូប)។
    ថ្លែងក្នុងវគ្គអប់រំ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរម្លឹកអំពីប្រវត្តិកកើតនៃស្ថាប័នមុខងារសាធារណៈ និងសមិទ្ធផលនានាដែលក្រសួងសម្រេចបាន ព្រមទាំងបានរៀបរាប់ពីមុខងារ ភារកិច្ច និងទំនួលខុសត្រូវចំបងៗរបស់ក្រសួងមុខងារសាធារណៈ ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ។
   លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីសមិទ្ធផលនៃការងារស្នូលសំខាន់ៗ ក្នុងការឆ្លើយតបជាមួយនឹងវិធានការគន្លឹះទាំង៣ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងនាមជាលេខាធិការដ្ឋាន គ.វ.រ. ក្រសួងបានរៀបចំការប្រឡងប្រជែងចំនួន៦ដង ដោយបានជ្រើសរើសមន្ត្រីរាជការចំនួន៩៧៥នាក់ ឲ្យចូលបម្រើការងារតាមក្រសួង-ស្ថាប័ន និងកំពុងរៀបចំការប្រឡងប្រជែងគ្រូបឋមសិក្សា ដែលមានបេក្ខជនចូលរួមប្រឡងចំនួន៣៨,១៦៨នាក់ ហើយបច្ចុប្បន្នក្រសួង ក៏បាននិងជំរុញការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង-ស្ថាប័ន ដែលជាការងារអាទិភាពមួយនៃវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ផងដែរ។
   បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញពីភាពជាគំរូ និងគោលការណ៍ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសការគួរស្វែងយល់ និងសិក្សាបន្ថែមពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀតរបស់គណៈបក្សប្រជាជនកម្ពុជា ដោយឈរលើគោលជំហររឹងមាំ ប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុង។
លោកបានរំលឹកពីគោលការណ៍ដឹកនាំ និងសារដាស់តឿនសំខាន់ៗ ក៏ដូចជាអភិក្រមនានា ដែលអ្នកដឹកនាំត្រូវប្រកាន់ខ្ជាប់ ធ្វើយ៉ាងណារក្សានូវសាមគ្គីឯកភាពផ្ទៃក្នុង ព្រមទាំងជំរុញចិត្តឱ្យសិក្ខាកាមទាំងអស់ ចូលរួមបំពេញតួនាទី ភារកិច្ច ក្នុងការកែទម្រង់ និងលើកកម្ពស់រដ្ឋបាលសាធារណៈ ស្របតាមទស្សនវិស័យរបស់សម្តេចធិបតី ក្នុងការរៀបចំផ្ទះសំបែងរបស់យើងឱ្យបានស្អាត និងមានរបៀបរៀបរយ។ ជាងនេះ ត្រូវចូលរួមក្នុងការងារគណបក្សបន្ថែមទៀតធ្វើយ៉ាងណាឱ្យការងារ ទាំងបក្ស ទាំងរដ្ឋ និងការងារមហាជន ដើរទន្ទឹមគ្នា ក្នុងគោលដៅបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។
   សូមជម្រាបថា វគ្គអប់រំនយោបាយគណបក្សកម្រិត២ មានការអញ្ជើញចូលរួមធ្វើបទឧទ្ទេសនាមដោយឥស្សរជនជាន់ខ្ពស់របស់កម្ពុជាជាច្រើនរូប ដើម្បីផ្តល់នូវពុទ្ធិ និងចំណេះដឹង ក៏ដូចជាបទពិសោធន៍ ដែលវាគ្មិនធ្លាប់បានជួបប្រទះកន្លងមក ទៅលើទិដ្ឋភាពនៃការដឹកនាំ ទិដ្ឋភាពនៃការគ្រប់គ្រងការងាររដ្ឋ ការងារបក្ស សង្គម និងមហាជន ជូនទៅដល់សិក្ខាកាមទាំងអស់គ្នា។ វគ្គអប់រំនយោបាយនេះធ្វើឡើងក្នុងគោលបំណង ផ្ដល់ជាចំណេះដឹងសំខាន់ៗ និងចាំបាច់មួយចំនួនដល់មន្រ្តីគណបក្ស ជាពិសេសមន្រ្តីបន្តវេន អំពីវិធីសាស្រ្តត្រិះរិះពិចារណាប្រកបដោយវិទ្យាសាស្រ្ត ការលើកកម្ពស់ការយល់ដឹងពីបុព្វហេតុ សមិទ្ធផល និងមេរៀនប្រវត្តិសាស្រ្ត៕