2023-05-08 20:19
401

កែប៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នេះ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ការប្រកួតកីឡា "ទ្រីយ៉ាត្លុង" នៅខេត្តកែប ត្រូវបានបិទបញ្ចប់ ក្រោយដំណើរការអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែឧសភា ដោយកីឡាករ កីឡាការនីកម្ពុជា បានដណ្តើមបានមេដាយមាស ចំនួន០២គ្រឿង និងមេដាយប្រាក់ ចំនួន០១គ្រឿង។ 

លោក ងិន សុខបញ្ញា អគ្គលេខាធិការ នៃសហព័ន្ធកីឡាទ្រីយ៉ាត្លុង (Triathlon) កម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃការប្រកួតកីឡាទ្រីយ៉ាត្លុង ក្នុងព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺកីឡាករ កីឡាការនីកម្ពុជា ដណ្តើមបានមេដាយមាស ចំនួន០២គ្រឿង និងមេដាយប្រាក់ ចំនួន០១គ្រឿង ក្នុងចំណោម មេដាយមាស សរុបចំនួន០៧គ្រឿង មេដាយប្រាក់ ចំនួន០៧គ្រឿង និងមេដាយសំរិទ្ធ ចំនួន០៧គ្រឿង លើវិញ្ញាសាប្រកួតចំនួន៧វិញ្ញាសារ។ 

លោក ងិន សុខបញ្ញា បានបញ្ជាក់ទៀតថា អត្តពលិកកម្ពុជា ដែលទទួលបានមេដាយមាស២ និងមេដាយប្រាក់១ រួមមាន៖ 

ទី១- កីឡាការិនីកម្ពុជា ឈ្មោះ ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានឈ្នះមេដាយមាស លើវិញ្ញាសា អាគ័រត្លុង Aquathlon នារី (ហែលទឹកប្រវែង៥០០ម៉ែត្រ និងរត់២.៥គីឡូម៉ែត្រ។ 

ទី២- កីឡាករកម្ពុជា ឈ្មោះ Sokha Mickael Chaumond បានឈ្នះមេដាយប្រាក់ លើវិញ្ញាសា Duathlon (ឌួអាត្លុង ផ្នែកបុរស) រត់ ៥គីឡូម៉ែត្រ+ជិះកង់ ២០គីឡូម៉ែត្រ+ រត់ ២.៥គីឡូម៉ែត្រ។ 

ទី៣- កីឡាការិនីសញ្ជាតិកម្ពុជា ឈ្មោះ ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានឈ្នះមេដាយមាស លើវិញ្ញាសា ទ្រីយ៉ាត្លុង (ហែលទឹក៧៥០ម៉ែត្រ ជិះកង់២០គីឡូម៉ែត្រ និងរត់៥គីឡូម៉ែត្រ)។

គួររំលឹកថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលបានរៀបចំប្រព្រឹត្តធ្វើឡើង នៅឆ្នេរលេងទឹក ស្ថិតក្នុងសង្កាត់កែប ខេត្តកែប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០៦រហូតដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នេះ លើកីឡាត្រីយ៉ាត្លុង (Triathlon) មកពីបណ្ដាប្រទេសដែលបានចូលរួមប្រកួត រួមមាន៖ ចំនួន៧ប្រទេស រួមទាំងប្រទេសកម្ពុជាផងដែរ មានអ្នកចូលរួម សរុប១៣៨នាក់ ស្រី៥៥នាក់ ក្នុងនោះជាប្រតិភូ និងគ្រូបង្វឹក សរុបចំនួន៤៨នាក់ ស្រី១៦នាក់ អត្តពលិក ៩០នាក់ ស្រី ៣៩នាក់ ប្រទេសដែលចូលរួមប្រកួត។ 

ទី១-  ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ មានប្រតិភូ និងគ្រូបង្វឹក ចំនួន០៩នាក់ ស្រី០៥នាក់ អត្តពលិក ១៦នាក់ ស្រី០៦នាក់ ក្នុងនោះ បារាំងសញ្ជាតិកម្ពុជា ចំនួន០៣នាក់។ 

ទី២- ប្រទេសថៃឡងដ៏ ប្រតិភូ និងគ្រូបង្វឹក ចំនួន០៤នាក់ ស្រី០១នាក់ អត្តពលិក ១៤នាក់ ស្រី០៥នាក់។ 

ទី៣- ប្រទេសម៉ាឡេស៊ី ប្រតិភូ និងគ្រូបង្វឹក ចំនួន០៥នាក់ ស្រី០១នាក់ អត្តពលិក ១០នាក់ ស្រី០៥នាក់។ 

ទី៤- ប្រទេសសឹង្ហបុរី ប្រតិភូ និងគ្រូបង្វឹក មានចំនួន០៤នាក់ ស្រី០១នាក់ អត្តពលិក ចំនួន១២នាក់ ស្រី០៥នាក់។ 

ទី៥- ប្រទេសឥណ្តូនេសុី ប្រតិភូ និងគ្រូបង្វឹក មានចំនួន០៧នាក់, អត្តពលិក ចំនួន១០នាក់ ស្រី០៥នាក់។ 

ទី៦- ប្រទេសហ្វីលីពីន ប្រតិភូ និងគ្រូបង្វឹក មានចំនួន០៧នាក់ ស្រី០៣នាក់ អត្តពលិក ចំនួន១៤នាក់ ស្រី០៦នាក់។ 

ទី៧- ប្រទេសវៀតណាម ប្រតិភូ និងគ្រូបង្វឹក មានចំនួន១២នាក់ ស្រី០៥នាក់ អត្តពលិក ចំនួន១៤នាក់ ស្រី០៧នាក់។ 

ចំពោះកងកម្លាំងគ្រប់ប្រភេទពាក់ព័ន្ធ បានដាក់ពង្រាយ ដើម្បីធានារក្សាការពារ ជុំវិញសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ដែលនាំឲ្យមានភាពល្អប្រសើរ ហើយមានពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍ អន្តរជាតិ ក៏បានមកចូលរួមទស្សនាកម្សាន្តនៅខេត្តកែបយ៉ាងច្រើនកុះករ៕ដោយ៖ សឹង រ៉ាត់