2024-06-26 12:06
137

កណ្តាលៈ ក្មេងទំនើងប្រុសស្រី ៦នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ឃាត់ខ្លួន ក្រោយពីបានព្រួតគ្នាវាយទៅលើនារីជនជាតិវៀតណាមម្នាក់ ដោយសារខឹងជនរងគ្រោះជេរពួកខ្លួនតាមឆាត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៤រសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្លូវប៉េតុងភូមិលេខ១ក សង្កាត់ស្វាយរលំ  ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង ៦នាក់ខាងលើ ទី១-ឈ្មោះ គឹម កន្និកា ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មុខរបរ រត់តុ, ទី២-ឈ្មោះ គីម សួរ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដំណាក់ធំពីរ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ លក់ដូរ, ទី៣-ឈ្មោះ ជា ស្រីនី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរ រត់តុ, ទី៤-ឈ្មោះ ម៉េង កែវពេជ្យធីតា ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មុខរបរ រត់តុ, ទី៥-ឈ្មោះ សុខ គីម ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិវៀតណាម រស់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី៦-ឈ្មោះ ខៀវ បញ្ញា ហៅង្វៀង ចាំងលឿង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម រស់នៅភមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ មុខរបរ ទិញអេតចាយ ។

ចំណែកជនរងគ្រោះមានឈ្មោះ សេង គឹមវី ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ជាងធ្វើក្រចក ។
លោកអធិការបានបន្តថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ម៉ោងប្រមាណ ៤រសៀល ជនរងគ្រោះបានដើរទៅកន្លែងលក់កាហ្វេនៅម្តុំរោងចក្រ ក្នុងភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ហើយបានឃើញក្មេងទំនើងមួយក្រុម មានស្រី មានប្រុស កំពុងនាំគ្នាអង្គុយជក់បារី នៅជិតរោងចក្រកាត់ដេរ ឃើញដូចនោះជនរងគ្រោះក៏បានដើរទៅមើល ស្រាប់តែក្រុមជនសង្ស័យបានជេរម្រាយខ្លួន លឺដូចនោះជនរងគ្រោះមិនបានតបតអ្វីទាំងអស់ក៏ដើរចេញមកវិញ ។

លុះស្អែងឡើង ម៉ោងប្រមាណ ៤រសៀល ខណៈដែលជនរងគ្រោះកំពុងអង្គុយធ្វើក្រចកឲ្យភ្ញៀវនៅក្នុងហាងរបស់ខ្លួន ស្រាប់តែជនសង្ស័យ ៦នាក់ខាងលើ បានជិះម៉ូតូ ៣គ្រឿង មកឈប់នៅមុខហាង រួចបានបក់ដៃហៅជនរងគ្រោះឲ្យចេញមកក្រៅ ឃើញដូចនោះជនរងគ្រោះបានដើរចេញមក ឃើញក្រុមជនសង្ស័យដែលជេរខ្លួនពីម្សិលមិញ បន្ទាប់មកជនសង្ស័យក៏បានសួរទៅកាន់ជនរងគ្រោះថា ម៉េចក៏ជេរពួកគេ ពីម្សិលមិញ ភ្លាមនោះជនរងគ្រោះបានតបទៅវិញថា ខ្លួនមិនបានជេរទេ គ្រាន់តែនិយាយចប់ស្រាប់តែជនសង្ស័យបាន នាំគ្នាព្រួតវាយជនរងគ្រោះ រួចក៏នាំគ្នាជិះគេចខ្លួនអស់តែម្តង ។ 

ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំឲ្យជួយអន្តរាគមន៍ បន្ទាប់មកកំលាំប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ៦នាក់ខាងលើនេះតែម្តង ។ នៅចំពោះមុខសមត្ថកិច្ច បានឆ្លើសារភាពថា ពួកខ្លួនពិតជាបានព្រួតវាយទៅលើនារីរងគ្រោះពិតប្រាកដមែន ព្រោះខឹងជនរងគ្រោះជេរពួកខ្លួនតាមឆាតទូរស័ព្ទ ។ 
ជនសង្ស័យទាំង៦នាក់ខាងលើនេះ ត្រូវបានបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលក្រុង            តាខ្មៅ ដើម្បីរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់  ៕