2024-06-27 00:33
248

ភ្នំពេញ៖  ជុំវិញករណីឃាតកម្មបាញ់ប្រហារ យ៉ាងសាហាវឃោរឃៅ ដែលប្រព្រឹត្តដោយជនល្មើសជាអតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងយ៉ាងដូច្នេះថា «យើងច្បាស់ទាំងអស់គ្នាថា ឧក្រិដ្ឋជនឈ្មោះ ស្រី ស៊ីណា គឺជាអ្នកសម្លាប់មនុស្ស»។ នេះជាការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្ត្រី នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌។

លោកឧបនាយករដ្ឋមន្ត្រី លើកឡើងថា៖ «ជានិតិវិធីច្បាប់ព្រះរាជអាជ្ញាផ្នែកលើអង្គហេតុ ផ្នែកលើភស្តតាង ផ្នែកលើអង្គច្បាប់ធ្វើការចោទប្រកាន់តាមអ្វីដែលមាន។ ក្រោយពេលចោទប្រកាន់រួចបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ រកឃើញឱ្យមានអង្គហេតុថ្មី ដែលធ្វើឱ្យធ្វើឱ្យមានការប្រែប្រួលបទចៅក្រមមានសិទ្ធអំណាចកែប្រែបទចោទប្រកាន់វិញបាន»។ 

លោកបន្ថែមទៀតថា «ក្នុងដំណាក់កាលជំនុំជម្រះក៏ដូចគ្នានៅពេលចៅក្រមប្រមូលបានអង្គហេតុ និងភស្តតាង និងពិនិត្យលើអង្គច្បាប់គ្រប់គ្រាន់អាចប្តូរបទចោទបាន ករណីឧក្រិដ្ឋជនឈ្មោះ ស្រី ស៊ីណា នេះដូចគ្នាប្រសិនបើចៅក្រមស៊ើបរកទៅឃើញអង្គហេតុថ្មី ដែលរកឃើញមានការប្រែប្រួលបទចោទ ចៅក្រមមានសិទ្ធកែបទចោទ ចៅក្រមជម្រះក៏មានសិទ្ធកែបទចោទដូចគ្នា ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រីច្បាស់រឿងមួយថា ទោះបីជារកឃើញអង្គថ្មីអ្វីក៏ដោយករណីនេះ មិនអាចកែប្រែពីបទចោទ៖ ឃាតកម្ម ពីមនុស្សឃាតដោយចេតនា ទៅជាមនុស្សដោយអចេតនាបានទេ»