2024-06-28 11:02
288

កណ្តាលៈ កាលពីព្រឹកថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហាស វ៉ារី ទីប្រឹក្សា សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែនប្រធាន គណបក្សប្រជាជនកម្ពុជា និងលោកជំទាវ បានអញ្ជើញ ចូលរួមជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា កសាងខ្លោងទ្វារ មណ្ឌលឆដ្ឋបូជនីយដ្ឋាន មានទីតាំង ស្ថិតនៅក្នុងឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល។

បើតាម លោក កុយ រុន មេឃុំរកាកោង ២ បានឲ្យដឹងថា តាមរយៈឯកឧត្តម ហាស វ៉ារី ទីប្រឹក្សា សម្ដេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួយដល់ឃុំរការកោង១ និងឃុំរកាកោង២ ដោយឯកឧត្តម និងលោកជំទាវ បានចំណាយថវិកាអស់ជាច្រើន នៅក្នុងការជួយស្ថាបនា នូវរាល់ហេដ្ឋារចនាសម្ព័ន្ធនានាជា ពិសេសនៅដូនឡំនេះ ដែលជាទីស្មសាន្ត សម្រាប់ប្រជាពលរដ្ឋក្រីក្រ គ្មានសមត្ថភាពធ្វើបុណ្យសព ដោយពួកគាត់អាចយកសាច់ញាតិដែលធ្វើមរណកាល មកបញ្ចុះនៅទីនេះបាន ជាមួយនិងការផ្ដល់ជូន ជាថវិកា ដល់គ្រួសារសព ចំនួន១៥ ម៉ឺនរៀល ក្នុងមួយសព ថែមទៀតផង។

នៅក្នុងឱកាសនោះដែរ ឯ.ឧ ហាស់ វ៉ារី បាននាំមក នូវការសួរសុខទុក្ខ និងមតិផ្តាំផ្ញើ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេច មហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដោយសេចក្តីនឹករលឹកជាទីបំផុត ។បន្ថែមពីនេះឯកឧត្តមក៏បានអំពាវនាវសុំឲ្យប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជួយថែរក្សាមណ្ឌលឆដ្ឋ បូជនីយដ្ឋាន ដែលបានកសាងឡើងនៅទីនេះ ទុកសម្រាប់ជាសម្បត្តិរួម សម្រាប់លោកតាលោកយាយមកធ្វើសមាធិធុត្តុង ឬសមាទាន វិប្បសនាកម្មដ្ឋាន ដើម្បីទទួលបានពុទ្ធិ និងចំណេះដឹងផ្លូវអារម្មណ៍ជាដើម។ 

ជាចុងក្រោយ ឯ.ឧ ហាស់ វ៉ារី និងលោកជំទាវ ក៏បានផ្តល់ជូន ដល់ពលរដ្ឋក្រីក្រ ចំនួន១៦គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ១បាវ មីមួយកេស ទឹកត្រី ទឹក ស៊ីអីវ ទឹកដោះគោ អំបិល ស្ក ប៊ីចេង សរុង១ ក្រម៉ា១ និងថវិកា ចំនួន៧ម៉ឺនរៀល។ ដោយឡែក              សំរាប់ដូនជី ទទួលបាន កំណាត់ស១ដុំ ក្រម៉ា១ និងថវិកា ២ម៉ឺនរៀល. ហើយសំរាប់ប្រជាពលរដ្ឋចូលរួមក្នុងពិធីខាងលើនេះ ក៏ទទួលបាន សារុងម្នាក់១ និងថវិកា ១ម៉ឺនរៀលផងដែរផងដែរ៕