2024-06-28 14:23
245

(កែប) ៖   កាលពីរសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា គ្រឿងញៀនជាសត្រូវរបស់យើងគ្រប់គ្នា ជាពិសេសយុរជន ដែលជាមុខសញ្ញាងាយនឹងរងគ្រោះដោយសារគ្រឿនញៀន ហើយគ្រឿងញៀន ជាបញ្ហារួម ដែលយើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់បញ្ហានេះឱ្យអស់។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានប្រសាសន៍ដូចនេះ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់វិស័យអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានមានប្រសាសន៍បន្ថែមឱ្យដឹងទៀតថា ដើម្បីឈានទៅលុបបំបាត់ការផ្គត់ផ្គងគ្រឿងញៀនខុសច្បាប់ ការលុបបំបាត់គ្រោះថ្នាក់ដែលពាក់ព័ន្ធ និងការប្រើប្រាស់គ្រឿងញៀន ការពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តឱ្យបានសកម្ម និងជាប់ជាប្រចាំ ពិសេសទៀត ដើម្បីឈានទៅសម្រេចបាននូវគោលដៅអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឆ្នាំ២០២៤ ក៏ដូចជាការកសាងបាននូវសហគមន៍ និងជីវភាពសង្គមគ្មានគ្រឿងញៀន ពិសេសអនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺការចាប់ផ្តើម សំអាតផ្ទះខ្លួនឯងឱ្យស្អាតជាមុន នៅទូទាំងខេត្តកែប។

ទន្ទឹមនឹងនេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានអំពាវនាវទៅយុវជនទាំងអស់ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងហាមផ្តាច់កុំយកខ្លួនទៅជាប់ពាក់ព័ន្ធជាមួយការជួញដូរ ឬក៏ប្រើប្រាស់គ្រឿងញៀន បើពុំនោះទេច្បាប់នឹងមិនលើកលែងនោះឡើយ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ស្នើដល់អង្គភាពសមត្ថកិច្ចជំនាញពាក់ព័ន្ធ ត្រូវគ្រប់គ្រង និងក្តាប់នូវមុខសញ្ញាចែកចាយគ្រឿងញៀននៅក្នុងខេត្តឱ្យបានសំដៅកាត់ផ្តាច់ការជួញដូរ និងបន្តជំរុញពង្រឹងសមត្ថភាព គុណភាព និងប្រសិទ្ធភាព។

យោងរបាយការណ៍ របស់រដ្ឋបាលខេត្តកែប បានបានឱ្យដឹងថា លទ្ធផលការងារត្រូតពិនិត្យគ្រឿងញៀនក្នុងភូមិសាស្រ្តខេត្តកែប ប្រចាំឆមាសទី១ បានបង្រ្កាបបទល្មើសជារួមបានចំនួន១៦ករណី ឃាត់ខ្លួន២៥នាក់ បង្រ្កាបការប្រើប្រាស់បាន ចំនួន៦ករណី ឃាត់ខ្លួនបាន៨នាក់ បង្រ្កាបការជួញដូរ និងរក្សាទុក បាន១ករណី ឃាត់ខ្លួនជនសង្ស័យបាន ១៧នាក់ និងបានកសាងសំណុំរឿងទៅតុលាការ ក្នុងនោះបង្ក្រាបតាមដីការបានចំនួន១ករណី ឃាត់ខ្លួនជនសង្ស័យបាន១នាក់ និងបញ្ជូនទៅពន្ធនាគារខេត្តកំពត។(សឹង រ៉ាត់)