2024-06-28 03:06
146

  រតនគិរីៈ  នៅក្នុងកិច្ចប្រជុំពិភាក្សា រវាងអង្គភាពពាក់ព័ន្ធ និងអ្នកសារព័ត៌មាន ក្រោមកិច្ចសហការជាមួយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា និងមន្ទីរព័ត៌មានខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្តម វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី បានលើកឡើងថា អ្នកសារព័ត៌មានគឺជាអ្នកនាំពាក្យពីប្រជាពលរដ្ឋ ទៅកាន់រាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលមកកាន់ប្រជាពលរដ្ឋវិញ ដូច្នេះអ្នកសារព័ត៌មានត្រូវបង្កើនទំនាក់ទំនងល្អជាមួយអាជ្ញាធរ មន្ត្រីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធអោយបានល្អបន្ថែមទៀតដើម្បីឲ្យការចុះផ្សាយព័ត៌មាន នោះមានលក្ខណៈច្បាស់លាស់ មានតម្លាភាព ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងសម្បូរបែបផងដែរ ។

នៅក្នុងឪកាសនោះ ដែរ លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី បានលើកឡើងថា នេះជាលើកទី៣ហើយដែលអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា និងមន្ទីរព័ត៌មានខេត្តរៀបចំអោយមានកិច្ចប្រជុំពិភាក្សារវាងអង្គភាពពាក់ព័ន្ធ និងអ្នកសារព័ត៌មានក្នុងខេត្តរតនគិរី។លោកប្រធានមន្ទីរបញ្ជាក់ថា ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាននៅក្នុងខេត្តរតនគិរី កន្លងមក មានលក្ខណៈល្អប្រសើរ ហើយ អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងជួយកែលម្អចំណុចឆកល្វែងមួយចំនួន ទាក់ទងនឹងការអនុវត្តភារកិច្ចតួនាទី របស់មន្ត្រីក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។

 អ្នកសារព័ត៌មាន ប្រាប់ពីដំណឹង ឬហេតុការណ៍ផ្សេងៗ ដែលកើតមានឡើងក្នុងសង្គម ឱ្យប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលបានដឹង ដើម្បីរកវិធីដោះស្រាយ និងធ្វើអន្តរាគមន៍បានទាន់ពេលវេលា ដូច្នេះអ្នកសារព័ត៌មានចំបាច់ត្រូវពង្រឹងសមត្ថភាព ត្រូវគោរពច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីរួមគ្នាលើកកម្ពស់វិស័យសារព័ត៌មានឲ្យមានភាពសុក្រិត្យ យុត្តិធម៌ និង ត្រឹមត្រូវ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ក្នុងកិច្ចសហការជាមួយសាលាខេត្តរតគិរី និងមន្ទីរពត៌មានខេត្តរតនគិរី អង្គការជំនួយ ផ្នែកច្បាប់នៃកម្ពុជា ដោយស្ថិតក្រោមគម្រោង ការផ្ដល់ការគាំទ្រផ្នែកច្បាប់ដល់អ្នកសារពត៌មាននៅកម្ពុជា បានអនុវត្តនូវសកម្មភាពគម្រោងរបស់ខ្លួន ដើម្បីលើកកម្ពស់ដល់សិទ្ធិសេរីភាព របស់អ្នកសារពត៌មានតាមរយៈការផ្តល់ការការពារផ្លូវច្បាប់ ការផ្តល់ការបណ្ដុះបណ្ដាលផ្នែកច្បាប់ស្តីពីរបបសារពត៌មាន និងច្បាប់ពាក់ព័ន្ធ ដល់អ្នកសារពត៌មាន ដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់ ក៏ដូចជារៀបចំកិច្ចប្រជុំពិភាក្សាអង្គភាពពាក់ព័ន្ធ និងអ្នកសារពត៌មានផងដែរ។

អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា រៀបចំកិច្ចប្រជុំពិភាក្សារវាងអង្គភាពពាក់ព័ន្ធ និងអ្នកសារពត៌មាននេះឡើង ក្នុងគោលបំណងទី១ដើម្បី បង្កើនការយល់ដឹងរបស់អង្គភាពពាក់ព័ន្ធ ដូចជាមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន តំណាងអាយ្យការ និងតុលាការខេត្ត ចំពោះតួនាទី និងសិទ្ធិរបស់អ្នកសារពត៌មាន ទី២ ធ្វើឪ្យប្រសើរឡើងនូវការទំនាក់ទំនងរវាងពួកគាត់ ក្នុងការរាយការណ៏ពត៌មាន និងស្វែងរកពត៌មាន និងជួយសម្រួលដល់ពួកគាត់ ក្នុងការទទួលបានពត៌មាន។លើសពីនេះទៀត កិច្ចប្រជុំពិភាក្សានេះ ក៏មានគោលបំណងផ្ដល់ដល់អ្នកសារពត៌មាននូវ វេទិកាឬឪកាសមួយសម្រាប់ឲ្យអ្នកសារព័ត៌មាន លើកឡើងនូវបញ្ហាប្រឈម ក៏ដូចជាការលំបាក ដែលបានជួបប្រទះនាពេលកន្លងមក ដើម្បីស្វែងរក ដំណោះស្រាយរួមផងដែរ ។