2024-06-30 05:06
163

ខេត្តពោធិ៍សាត់: លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងលោកខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ។ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
  ក្រោយពីដើរចុះពិនិត្យសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១រូច លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានមានប្រសាសន៍ក្នុងបទសម្ភាសន៍ថា: បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបាននិងកំពុងកសាងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ទោះបីជាមានការយឺតយ៉ាវដោយសារជំងឺរាតត្បាតកូវីដ១៩មែនក៍ដោយ តែបច្ចុប្បន្ននេះក្រុមហ៊ុនសាងសង់បានប្រមាណជា៣០ទៅ៤០ភាគរយហើយ ដោយក្នុងនោះមានក្រហ៊ុនចំនួនបី ដែលកំពុងសាងសង់វារីអគ្គិសនីនេះគឺក្រុមហ៊ុនជប៉ុន.ក្រុមហ៊ុនចិននិងក្រុមហ៊ុនកូរ៉េ ដែលមានអនុភាព ៨០មេហ្គាវ៉ាត់ (MW)  ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបន្តថា: វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍ សាត់ បន្ទាប់ពីគម្រោងវារីអគ្គសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃ ស្ថិត នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានអនុភាព ១២០មេហ្គាវ៉ាត់(MW) កំពុងដំណើរការប្រើ ប្រាស់ក្នុងខេត្តពោធិ៍សាត់ហើយចំណាយថវិកាតិចជាងការទិញថាមពលពីក្រៅប្រទេស។ 
  លោករដ្ឋមន្ត្រីបានបញ្ជាក់ថា: វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ដែលសម្ដេចតេជោ មកសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយឥឡូវនេះកំពុងតែដំណើរការបាន៣០ទៅ៤០ភាគរយហើយ អាចនិងបញ្ចប់ទៅវិញអំឡុងឆ្នាំ ២០២៦មុខនេះ៕