2024-07-01 06:07
208

ភ្នំពេញ៖ បាតុភាពមិនប្រក្រតីការធ្វើសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសៀវភៅសិក្ខាគារិកក្លែងក្លាយ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យដកដំណែងនាយិការង និងនាយកសាលា ចំនូន ០២រូប ក្រោយពីការស្រាវជ្រាវរកឃើញមានកំហុសឆ្គង។

យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
លោកឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ បានជម្រាបជូនលោកអភិបាល ឲ្យជ្រាបថា៖ តាមរយៈលទ្ធផល ស្រាវជ្រាវ នៃករណីបាតុភាពមិនប្រក្រតីជាបន្តបន្ទាប់នៅ វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ វិទ្យាល័យបាក់ទូក និង វិទ្យាល័យទួលស្វាយព្រៃ នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា ស្នើ រដ្ឋបាលរាជធានីភ្នំពេញ មានវិធានការមួយចំនួន ដូចខាងក្រោម៖
- ដកហូតមុខតំណែងលោកស្រី អ៊ូ ពុធមាលី នាយិការង វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ និងផ្លាស់ប្តូរកន្លែងធ្វើការងារដោយបង្ខំទៅសាលារៀនណាមួយដែលខ្វះគ្រូបង្រៀន នៅជាយរាជធានីភ្នំពេញ។ 

- ដកហូតមុខតំណែងលោក វន វិណារ៉ូ នាយកវិទ្យាល័យទួលស្វាយព្រៃ និងផ្លាស់ឱ្យមកបំពេញការងារ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើរឲ្យលោកអភិបាលពិនិត្យ និងចាត់ចែងការងារនេះ តាមការគួរ៕