2024-07-01 06:07
137

ខេតត្តពោធិ៍សាត់៖    លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលនេះ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធបេីកការដ្ឋាន គម្រោងអភិវឌ្ឍ សាងសង់ពហុកីឡដ្ឋាន តេជោក្រគរ មានទំហំផ្ទៃដីប្រមាណ២៥ហិកតា។ដោយមានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ប្រាំង ជលសា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ ស្រុកកណ្ដៀង និងគណៈប្រតិភូរួមទាំងប្រជាពលរដ្ឋជាច្រេីនទៀត។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិវាលវង្ស ហៅ (សម្ដេចយស) ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត។

នៅក្នុងពិធីនោះលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានមានប្រសាសន៍ថា: ស្រុកក្រគរខេត្តពោធិ៍សាត់ទទួលបានមជ្ឈមណ្ឌលកីឡាដ្ឋានតេជោ នៅលើទីតាំងអតីតវាលយន្តហោះដែលប៉ុល ពត ឈូសចោលយកមកធ្វើស្រែ។  ប្រជាជនខេត្តពោធិ៍សាត់សូមថ្លែងអំណរគុណអស់ពីចិត្តជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងខិតខំទាំងយប់ថ្ងៃដើម្បីប្រទេសកម្ពុជាដែលមានសន្តិភាព ការឯកភាពជាតិនិងការរីកចម្រើនឥតឈប់ឈរ។

ប្រសាសន៍របស់លោកបន្តថា កត្តាធំៗដែលបានធ្វេីឱ្យពហុកីឡដ្ឋាន សម្ដេចតេជោក្រគរ មានវត្តមាននៅនេះ គឺដោយសារប្រទេសមានស្ថិរភាពសន្តិភាពព្រមទាំងទទួលបានការគាំទ្រជម្រុញពីសម្ដេចតេជោ ហ៊ុន សែន និងដោយសារសន្លឹកឆ្នោត១សន្លឹកម្នាក់របស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជន គឺជាសន្លឹកឆ្នោតដែលចូលរួមការពារសន្តិភាព និងជួយពន្លឿនការអភិវឌ្ឍជាតិ។ កីឡាដ្ឋាននេះអាចចំណាយថវិការខ្ទង់៧ទៅ៨លានដុល្លារសហរដ្ឋអាមេរិក ដែលមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ, ទីលានមហោស្រព, ទីលានបាល់ទះ, ទីលានបាល់បោះ, ទីលានរត់ប្រណាំង, ទីលានវាយសី, កន្លែងអង្គុយទស្សនា, កន្លែងហាត់ប្រាណ, ប្រព័ន្ធផ្លូវខ្វាត់ខ្វែង (៨ទៅ១០ម៉ែត្រ), វាលស្មៅ, កន្លែងក្មេងលេង, កន្លែងអង្គុយលេង, ស្រះទឹក និងកន្លែងចតរថយន្ត ។ល។៕ លាន គ្រន