2024-07-01 19:37
289

បាត់ដំបង :  សិស្សានុសិស្សថ្នាក់ទី១២ វិទ្យាល័យហ៊ុន សែនខ្លាកូន ក្រុងសិរីសោភ័ណបានខេត្តបន្ទាយមានជ័យធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យជាតិ បាត់ដំបងខេត្តបាត់ដំបងក្នុងបំណងស្វែងយល់ពីដំណើរការនិងសក្តានុពលគ្រឹះស្ថានឧត្តមសិក្សានេះ  ។

នេះ បើតាមគណ:គ្រប់គ្រងវិទ្យាល័យនេះ អោយដឹងកាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៤ ។
លោកមាច ហៃ នាយករងវិទ្យាល័យហ៊ុន សែនខ្លាកូនដែលដឹកនាំដំណើរទស្សនកិច្ចសិក្សានេះអោយដឹងថា: ប្រតិភូនេះមានគណ:គ្រប់គ្រងនិងគ្រូចំនួន៩នាក់ សិស្សានុសិស្ស៦៣នាក់ដែលជាសិស្សថ្នាក់ទី២ មកពីថ្នាក់វិទ្យាសាស្ត្រនិងថ្នាក់វិទ្យាសាស្ត្រសង្គម ។

លោកបានបន្តថា: កន្លងមក សាលាតែងដឹកនាំដូចធ្វើទស្សនកិច្ចសិក្សានៅគ្រឹះស្ថានឬក៏ទទួលអោយគណ:គ្រប់គ្រងនិងសាស្ត្រាចារ្យនៃគ្រឹ:ស្ថានឧត្តមសិក្សានានាទៅធ្វើបទបង្ហាញដល់សិស្សក្នុងសាលា ដើម្បីអោយសិស្សមានឱកាសជ្រើសរើសការសិក្សានៅក្រោយពេលដែលពួកគេប្រឡងសញ្ញប័ត្រមធ្យមសិក្សាទុតិយភូមិ។

នាសាលប្រជុំបាណន់នៃសាកលវិទ្យាល័យជាតិបាត់ដំបងខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៤  លោកសុខ ឃន  ជាសាកលវិទ្យាធិការបានបាឋកថានិងបទបង្ហាញពីដំណើរការនិងសក្តានុពលរបស់សាកលវិទ្យាល័យដោយថា ជាគ្រឺះស្ថានឧត្តមសិក្សារដ្ឋមួយនេះ  បង្កើតឡើងដំបូងនៅឆ្នាំ១៩៦៤ ក្នុងសម័យសង្គមរាស្ត្រនិយម ដែលដាក់ឈ្មោះថាសាកលវិទ្យាល័យភូមិន្ទបាត់ដំបង ។

និងបង្កើតឡើងវិញជាសាកលវិទ្យាល័យបាត់ដំបង នៅឆ្នាំ២០២៧ និងត្រូវបានឧបត្ថម្ភគាំទ្រពេញទំហឹងពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឥស្សរជន សប្បុរសជននានា ។
ឆ្នាំ២០២០ បានប្តូរឈ្មោះជាសាកលវិទ្យាល័យជាតិបាត់ដំបង។
លោកសុខ ឃន បានបន្តថា: ថ្នាក់ដឹកនាំបង្កើតនិងឧបត្ថម្ភដំណើរការសាកលវិទ្យាល័យនេះដើម្បីធានានិរន្តភាពការបណ្តុះបណ្តាលធនធានមនុស្សឆ្លើយតបតម្រូវការការងារ សង្គមនិងប្រទេសជាតិ ។ ហេតុនេះដើម្បីបានគុណភាពអប់រំ សាស្តាចារ្យនិងនិស្សិតតែងបង្រៀន រៀនយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់និងច្បាស់លាស់ ។

តមក សាស្តាចារ្យទទួលបន្ទុក បានធ្វើបទបង្ហាញសង្ខេបពីគ្រឺះស្ថានឧត្តមសិក្សារដ្ឋមួយនេះ(NUBB)ដែលមានពីថ្នាក់បរិញ្ញាប័ត្ររងដល់ថ្នាក់បណ្ឌិត  ។ មាន៥មហាវិទ្យាល័យ វិទ្យាស្ថាន១  ហើយគ្រឹះស្ថានក៏ត្រូវបានទទួលស្គាល់និងគាំទ្រដោយដៃគូអភិវឌ្ឍន៍និងគ្រឹះស្ថានឧត្តមសិក្សាក្នុងនិងក្រៅប្រទេស។

តមក សិស្សានុសិស្សបានបន្តទៅទស្សនានិងស្តាប់បទបង្ហាញឬធ្វើមគ្គុទេសក៍ពីអ្នកទទួលដូចជានៅបណ្ណាល័យ មជ្ឈមណ្ឌលការងារ អាងហែលទឹកធំ សួនបណ្តុះ បង្កាត់ពូជដំណាំ អាងចិញ្ចឹមត្រី  បន្ទប់បណ្តុះ ផ្សាំពូជ មន្ទីរពិសោធន៍ជាច្រើនប្រភេទផងដែរ ។

ចុងក្រោយអ្នកដឹកនាំប្រតិភូសិស្សនិងអ្នកទទួលខុសត្រូវនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានថ្លែងអំណរគុណគ្នាទៅវិញទៅមក  ក៏ដូចមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានច័យ រដ្ឋបាលក្រុងសិរីសោភ័ណនិងអ្នកពាក់ព័ន្ធសម្រាប់កិច្ចសហការរៀបចំទស្សនកិច្ចសិក្សានេះ ៕