2024-07-01 07:07
130

ខេត្តត្បូងឃ្មុំ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ២ខ្នងស្មើនឹងពីរម្ចាស់ផ្ទះផ្សេងគ្នា ត្រូវបានអគ្គិភ័យលេបត្របាក់បង្កជាអណ្ដាតភ្លើងឆេះសន្ធោសន្ធៅ ដោយក្នុងនោះ១ករណីមាននៅស្រុកពញាក្រែក បង្កឡើងដោយកូនម្ចាស់ផ្ទះស្រវឹងស្រានិង១ករណីទៀតនៅស្រុកត្បូងឃ្មុំខណៈម្ចាស់មិននៅចេញទៅស៊ីឈ្នួលគេ ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ។ ទោះយ៉ាងណានៅក្នុងហេតុការណ៍ទាំង ពីរនេះមិនមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៤ថា នៅចំណុចភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែកវេលាម៉ោង៧យប់ថ្ងៃទី ២៩ ខែមិថុនាឆ្នាំ២០២៤ ដោយបុរសម្នាក់ឈ្មោះ ចត់ វាំង អាយុ៣១ឆ្នាំ បានដុតបំផ្លាញផ្ទះរបស់ខ្លួនបង្កជាអគ្គិភ័យឆាបឆេះភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាជួយអន្តរាគមន៍ដងទឹកនិងបាញ់ទឹកជះពន្លត់មិនបានធ្វើឲ្យភ្លើងឆេះរាល ដាលដល់ផ្ទះពលរដ្ឋនៅក្បែរខាងនោះទេ។

មន្ត្រីនគរបាលមូលដ្ឋានឲ្យដឹងទៀតថា មុនពេលកើត ហេតុបុរសជាកូនម្ចាស់ផ្ទះរូបនេះបានផឹកស្រាស្រវឹងរករឿងឪពុកចុងដោយឃើញស្ថានភាពបែបនេះ ឪពុកចុងនិងប្រពន្ធមិនបាននៅផ្ទះទេ គឺរត់គេចទៅផ្ទះកូនដែលនៅមិនឆ្ងាយពីកន្លែងកើតហេតុក្នុងគោលបំណងឲ្យមានសុវត្ថិភាព។ តែដោយសារស្រាចូលខ្លួន ជាហេតុធ្វើឲ្យបុរសកូនម្ចាស់ផ្ទះមួរម៉ៅខឹងឪពុកចុង ក៏បានដុតផ្ទះឆេះជាអណ្ដាតភ្លើង។ ភ្លាមនោះអ្នកក្បែរខាងឃើញទាន់ ក៏ស្រែកប្រកូកប្រកាសនាំគ្នាជួយពន្លត់បានទាន់ពេលវេលា។ 

មន្ត្រីនគរបាលឲ្យដឹងថា ទំហំការឆេះគឺអស់ជាង ៦០% ដូច្នេះផ្ទះឈើដែលមានទំហំ ៤គុណ៥ម៉ែត្រ មិនអាចឲ្យម្ចាស់ផ្ទះនៅបានទៀតនោះទេ។
បើតាមលោកវរសេនីយ៍ឯក ថាញ់ សុវ៉ាត អធិការនគរបាលស្រុកពញាក្រែកប្រាប់ឲ្យដឹងដែរថា ករណីអគ្គិភ័យ១កើត ឡើងបង្កដោយឈ្មោះ ចត់ វាំង ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើ សកម្មភាពយកភ្លើងដុតផ្ទះរបស់ឈ្មោះ ម៉ូវ ថា ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បណ្តាលឲ្យឆាបឆេះផ្អើលឆោឡោ ប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ដោយ មានការសហការពីកម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការ ពារ ទើបពន្លត់បានទាំងស្រុង មិនរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ក្រោយហេតុការណ៍កើតឡើងភ្លាម កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ចត់ វាំង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញា ក្រែក ដើម្បីសាកសួរ និងបំពេញសំណុំរឿងតាមនីតិវិធី ។

សូមបញ្ជាក់ថាកាលពីកន្លះខែមុន បុរសដែលដុតផ្ទះនេះធ្លាប់បានគំរាមកំហែងឪពុកចុងម្ដងរួច មកហើយ។
ចំពោះករណីអគ្គិភ័យទី២វិញគឺបានកើតឡើងនៅថ្ងៃ ទី ២៥មិថុនា ២០២៤ វេលាម៉ោង៤ ទៀបភ្លឺមានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋនៅភូមិមជ្ឈឹមភាគ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ម្ចាស់ផ្ទះឈ្មោះសន សុខនី ភេទ ប្រុសអាយុ ៥២ ឆ្នាំ ជាតិខ្មែរ ប្រពន្ធឈ្មោះ សឿង ឃាន ជាតិខ្មែរ មានកូនចំនួន ០៥ នាក់បណ្ដាលឲ្យខូចខាតទាំងស្រុង។ផ្ទះមួយខ្នងទំហំ ៥ *៦ ម៉ ធ្វើអំពីឈើដំបូលប្រក់សង្គ័សី ជញ្ជាំងបាំងប្រទាំនិងស័ង្កសីសម្ភារៈខូច ខាតរួមមាន ÷គ្រែឈើ០១ កង់០១ សម្ភារៈផ្ទះបាយ និងឯកសារផ្ទាល់ខ្លួនមួយចំនួន ។ មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដោយម្ចាស់មិននៅផ្ទះចេញទៅស៊ីឈ្នួលគេ ដើម្បីយកថវិកាផ្គត់ផ្គង់ជីវភាពគ្រួសារ៕