2024-07-02 02:07
180

ខេត្តប៉ៃលិនៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងប៉ៃលិន ឃាត់ខ្លួន ពាក់ព័ន្ធទៅនិងករណីហិង្សា និងប្រើប្រាស់គ្រឿងញៀន ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០២៤ នៅចំណុចភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន,។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សោ ប៉ាវ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិ កូនភ្នំ សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ការឃាត់ខ្លួនបានធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សុន សន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករ និងជាប្រជាការពារភូមិកូនភ្នំរស់នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ពីបទគំរាមកំហែងថា នឹងសម្លាប់ និងពិនិត្យឃើញថាមាន ប្រើប្រាស់គ្រឿងញៀនទៀតផង ។បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះគឺជាមុខសញ្ញាចាស់ធ្លាប់ប្រព្រឹត្តិអំពើហិង្សាក្នុងគ្រួសារជាញឹកញាប់ និងធ្លាប់ជាប់ពន្ធនាគារខេត្តប៉ៃលិន ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីឆ្នាំ២០១៩ ផងដែរ។

សមត្ថកិច្ចក៏បានឲ្យដឹងផងដែរថាកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០២៤ ជនសង្ស័យបានផឹកស្រាថ្នាំជាមួយមិត្តភក្តិនៅផ្ទះរបស់ម្តាយ ស្ថិតនៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន លុះពេលស្រវឹងក៏បាន យកកាំបិតប៉័ងតោកាប់បំផ្លាញសម្ភារៈក្នុងផ្ទះម្តាយ ។បន្ទាប់មកជនសង្ស័យបានកាន់កាំបិតប៉័ងតោ ដើរសំដៅមកមុខផ្ទះជនរងគ្រោះ ហើយស្រែកគំរាមកំហែងរកកាប់ទៅលើជនរងគ្រោះនិង ប្រពន្ធកូន ថែមទៀតផងដោយមានការភយ័ខ្លាចជនរងគ្រោះបានសំងំនៅក្នុងផ្ទះមិនតបតអ្វីទេ ក្រោយមកជនរងគ្រោះក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីឲ្យជួយអន្តរាគមន៍ចុះទៅឃាត់ខ្លួនជនសង្ស័យដើម្បីធ្វើការសាកសួរតែម្តង ។

ក្រោយធ្វើការសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានស្រែកគំរាមហៅជនរងគ្រោះមកកាប់គ្នា និងវ៉ៃបំផ្លិចបំផ្លាញរបស់របរក្នុងផ្ទះ ពិតប្រាកដមែន។
ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅតុលាការដើម្បីចាត់ការ  បន្តតាមនីតិវិធី ។