2024-07-02 05:07
164

ភ្នំពេញ៖ សកម្មជនអង្គការមាតាធម្មជាតិ ចំនួន ០៤នាក់ ក្នុងចំណោម ១០នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន នៅថ្ងៃទី០២ ខែកក្កដា ឆ្នំា២០២៤នេះ  បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទទាំងនោះ ឱ្យជាប់ពន្ធនាគារចន្លោះពី៦ឆ្នាំដល់៨ឆ្នាំ ពីបទ៖ «ប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់» ដើម្បីផ្តួលរំលំរដ្ឋាភិបាល កាលពីឆ្នាំ២០២១។

មុខការចាប់ខ្លួនក្រុមអង្គការមាតាធម្មជាតិ បាននាំគ្នាដង្ហែក្បួនដោយស្លៀកពាក់ខោអាវ ពណ៌ស ជួតក្បាលក្រណាត់ ពណ៌ស មានសរសេរពាក្យថា «យុត្តិធម៌» ក្នុងដៃកាន់ធូប និងផ្កាឈូក មានចាក់ភ្លេងខ្លងខែក ដោយពួកគេបានមកប្រមូលផ្តុំគ្នានៅក្បែស្ថានីយប្រេងឥន្ទនៈតូតាល ខាងកើតស្ពានជ្រោយចង្វា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដើរឆ្ពោះទៅអង្គុយនៅមុខតុលាការក្រុងភ្នំពេញ ដើម្បីចាំស្តាប់ការប្រកាសសាលក្រម ជាមួយអ្នកគាំទ្ររបស់ពួកគេមួយចំនួនផងដែរ។ 

ក្រុមសកម្មជនមាមាតាធម្មជាតិ រួមមាន៖ កញ្ញា ភួន កែវរស្មី, កញ្ញា ឡុង គន្ធា, លោក ថុន រដ្ឋ និង លោក លី ចាន់ដារ៉ាវុត ក៏ត្រូវសមត្ថកិច្ចនាំខ្លួនទៅបាត់ក្រោយយុលាការប្រកាសសាលក្រម។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសផ្តន្ទាទោសក្រុមសកម្មជនអង្គការមាតាធមក្មជាតិ ពីបទ៖ «ប្រមាថអង្គព្រះមហាក្សត្រ» និង បទ៖ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ និង ៤៣៧ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនលើក្រុមមាតាធម្មជាតិ រួមមាន៖ ទី១៖ លោក យីម លាងហ៊ី, ទី២៖ កញ្ញា ស៊ុន រដ្ឋា, ទី៣៖ លោក អាឡិច ហាន់ដ្រូហ្គន់សាឡេសដេវិតសុន ត្រូវផ្តន្ទាទោសម្នាក់ ៨ឆ្នាំ និងពិន័យថវិការចូលរដ្ឋ ១០លានរៀល សម្រាប់ (លោក អាឡិច ហាន់ដ្រូហ្គន់សាឡេសដេវិតសុន ហាមឃាត់មិនឱ្យចូល ឬស្នាក់នៅក្នុងប្រទេសកម្ពុជា), ទី៤៖ លោក លី ចាន់ដារ៉ាវុត, ទី៥៖ កញ្ញា ឡុង គន្ធា, ទី៦៖ កញ្ញា ភួន កែរស្មី, ទី៧៖ លោក ថុន រដ្ឋា, ទី៨៖ លោក ពក ខើយ, ទី៩៖ លោក រ៉ៃ រក្សា និងទី១០៖ លោក ប៊ិញ ពិសិដ្ឋ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគា ៦ឆ្នាំក្នុងម្នាក់។

សូមរំឭកថា មេក្លោង និងសកម្មជនមាតាធម្មជាតិ ត្រូវបានតុលាការប្រកាសផ្តន្ទាទោសពាក់ព័ន្ធការប្រមាថអង្គព្រះមហាក្សត្រ និង រួមគំនិតក្បត់ ពេលនេះដោយសារកាលពីឆ្នាំ២០២១ ក្រុមសកម្មជនមាតាធម្មជាតិ បានជាប់ចោទពីបទ៖ «ប្រមាថព្រះមហាក្សត្រ» និង បទ៖ «រួមគំនិតក្បត់» ក្រោយពីបែកធ្លាយវីដេអូកិច្ចប្រជុំមួយដែលពួកគេជជែកគ្នា។ ចំណែក លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez-Davidson) ដែលជាស្ថាបនិក នៃចលនាមាតាធម្មជាតិ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា និងត្រូវបានចោទប្រកាន់ ពីបទ៖ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រកម្ពុជា» ផងដែរ៕