2024-07-02 09:07
303

រតនគិរី៖ អំពើឃាតកម្មប្តីសម្លាប់ប្រពន្ធ និងកូន រួចបញ្ចប់ជីវិតខ្លួនឯងតាមក្រោយដោយចង.កសម្លាប់ខ្លួន ត្រូវបានអ្នកភូមិប្រទះឃើញកាលវេលាម៉ោង ០៨និង៤៥នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុច ខ្ទមចាំចម្ការ ក្នុងភូមិកាហល ឃុំម៉ាលិច ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ក្រោយពីទទួលព័ត៌មាន ករណី ឃាតកម្ម នេះភ្លាម ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ដោយមានការសម្របសម្រួលនិតិវិធីតំណាងអយ្យការអមសាលាដំបូងខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចុះសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស និងប៉ុស្តិ៍នគរបាលរដ្ឋបាលម៉ាលិច បានធ្វើការ ស្រាវជ្រាវ និងពិនិត្យលើសាកសព។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះក្នុងអំពើឃាតកម្ម មានឈ្មោះ សល់ ញ៉ែង ត្រូវជាជាប្រពន្ធ និងកូនស្រីមានឈ្មោះ សល់ ចន្ទ រីឯជនសង្ស័យជាប្តីមានឈ្មោះ រចំ កេល ពួកគេស្នាក់នៅខ្ទប់ចម្ការក្នុងភូមិ ឃុំកើតហេតុ។ ចំពោះករណីឃាតកម្មនេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ ២១និង៣០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដោយបុរសជាប្តីបានសម្លាប់ប្រពន្ធ និងកូន រួចចងកសម្លាប់ខ្លួនឯងតាមក្រោយ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានបញ្ជាក់ថា៖ មូលហេតុពាក់ព័ន្ធករណីឃាតកម្មនេះ មុនពេលកើតហេតុប្តី និងប្រពន្ធបានឈ្លោះគ្នាទើបបន្ទាប់មកឈានដល់ការសម្លាប់ប្រពន្ធ និងកូន រួចធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងតែម្តង។

បច្ចុប្បន្នក្រោយការពិនិត្យរួចរាល់សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕