2024-07-02 11:07
190

ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា៖​ «មានការភាន់ច្រឡំ ឬការបំភាន់អំពីសេរីភាពបញ្ចេញមតិ (ឬមតិរិះគន់) និងការបំពានច្បាប់ដែលធ្វើឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។ តាមពិតគ្មានអ្វីពិបាកយល់ទេ ដូច្នេះ សូមបែងចែកឱ្យច្បាស់ ហើយសូមកុំយកសេរីភាពបញ្ចេញមតិមកលាយឡំគ្នាជាមួយអំពើល្មើសច្បាប់»។ 

ដើម្បីយល់ដឹងពីបញ្ហានេះ ឱ្យកាន់តែច្បាស់ លោក ប៉ែន បូណា បានលើកយកប្រការមួយចំនួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាកតិកាសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលគេទទួលស្គាល់និងអនុវត្តទូទាំងពិភពលោកដូចខាងក្រោម៖

មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ប៉ុន្តែជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវកំណត់ដោយច្បាប់។

មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២ នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ច និងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះ អាចមានការរឹតត្បិតមួយចំនួន ដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បី៖ (ក) គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, (ខ) ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។

មាត្រា ២២ (២) នៃកតិកាសញ្ញាអន្តរជាតិដដែលចែងថា ការប្រើប្រាស់សិទ្ធិនេះ អាចមានការរឹតត្បិតដែលកំណត់ដោយច្បាប់តែប៉ុណ្ណោះ និងដែលចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងផលប្រយោជន៍នៃសន្តិសុខជាតិ ឬសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ ការការពារសុខភាពសាធារណៈ ឬសីលធម៌ ឬការការពារសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ។ 

មាត្រា ២៩(២) នៃសេចក្តីប្រកាសជាសកល ស្តីពី សិទ្ធិមនុស្សចែងថា ក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះក្នុងគោលបំណងធានាការទទួលស្គាល់ និងការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈ និងសុខមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ៕