2023-05-11 14:09
454


កណ្តាល៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានព្រមានដល់ស្នងការនគរបាលរាជធានី ខេត្តដែលមានពាក់ព័ន្ធករណីមិនប្រក្រតីក្នុងការជ្រើសរើសមន្ត្រីនគរបាលប៉ុស្តិ៍ត្រូវដកខ្លួនចេញជាបន្ទាន់ប្រយ័ត្នអស់ស័ក្តិ ព្រោះឯកសារមានអស់ហើយថាមានអ្នកណាខ្លះដែលបានពាក់រឿងនេះ។


ការព្រមានរបស់សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ។
សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កន្លងទៅការជ្រើសរើសនគរបាលប៉ុស្តិ៍ប្រឡងហើយបញ្ជូនទៅតាមឃុំ សង្កាត់ ប៉ុន្តែទទួលបានជោគជ័យទេ ព្រោះមនុស្សដែលប្រឡងចូលមិនមែនជាអ្នករស់នៅក្នុងមូលដ្ឋានផ្ទាល់ហើយពេលខ្លះមកខេត្តផ្សេង ដូច្នេះអត់នៅធ្វើការនៅហ្នឹងទេ គ្រាន់តែជាប់រួចសុំផ្ទេរចេញហើយ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា អញ្ចឹងហើយបានឈប់ឲ្យប្រឡងហើយប្រគល់ទៅឲ្យប៉ុស្តិ៍ និងមេឃុំជាអ្នកជ្រើសរើស ប៉ុន្តែមានរឿងខ្លះពាក់ព័ន្ធស្នងការនគរបាលខេត្ត ដោយសម្តេចបានទទួលពាក្យបណ្តឹងក្នុងខេត្តតែមួយ បុន្តែស្រុកផ្សេង ដោយរស់នៅនេះ ស្រុកនេះ ប៉ុន្តែហេតុបញ្ជូនទៅធ្វើការនៅឃុំ ស្រុកផ្សេងទៅវិញ។ សម្តេចក្រឡាហោម បានបន្តទៀតថា រឿងនេះអាចមានភាពមិនប្រក្រតី និងមានព័ត៌មានខ្លះគឺមានការរៀបចំយកអ្នកណាប៉ុន្មាន អ្នកណាប៉ុន្មានដោយឈ្មោះមន្ត្រី ក ខ គ ឃ.....ដាក់ទៅតែម្តង ប៉ុន្តែមិនមែនមនុស្សនៅកន្លែងហ្នឹង អញ្ចឹងវាដដែលជាដដែលទេ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា "ប្រសិនរកឃើញករណីបែបនេះមែន ស្នងការត្រូវទទួលខុសត្រូវមុនគេ។ យល់ល្អត្រូវដកខ្លួន លាលែងតំណែងចេញឲ្យកុំឲ្យដកទាន់ក្រែងវាអស់ស័ក្តិ" ព្រោះយើងចង់បានថា ប៉ុស្តិ៍នគរបាលនៅទីណា មន្ត្រីត្រូវរស់នៅក្នុងមូលដ្ឋាននឹងតែម្តងអញ្ចឹងទើបគាត់មិននៅទេ។ បើមិនអញ្ចឹងទេគាត់មិននៅទេ ព្រោះមានផលលំបាកទាំងមធ្យោបាយ ត្រូវឃ្លាតឆ្ងាយប្រពន្ធ កូន ឪពុក ម្តាយ....។ល។ សម្តេចបន្តទៀតថា សម្តេចក្រឡាហោម ការជ្រើសរើសមន្ត្រីប៉ុស្តិ៍ឃុំ ឬសង្កាត់នឹងមានតែតួលេខទេ ប៉ុន្តែមនុស្សជាក់ស្តែងអស់លោករើសមកត្រូវតែឆ្លងកាត់បុគ្គលិកហើយរដ្ឋមន្ត្រីស៊ីញ៉េទើបទទួលបានក្របខ័ណ្ឌ។


សម្តេចក្រឡាហោម បានបន្ថែមទៀតថា "កន្លងមកកាលសម័យសហរដ្ឋមន្ត្រីអនុញ្ញាតឲ្យអគ្គនាយកដ្ឋានតែងតាំងអនុប្រធានប៉ុស្តិ៍ស៊ីតាពាសគ្មានការទទួលខុសត្រូវហើយចេះតែថាមកពីសំណើរច្រើនពេក អន្តរាគមន៍ពីខាងនេះពីខាងនោះ ប៉ុន្តែអ្នកឯងត្រូវទទួលខុសចំពោះរដ្ឋមន្ត្រី និងបានឲ្យបញ្ឈប់ទាំងអស់"។
សម្តេចក្រឡាហោម បញ្ជាក់ថា "និយាយគ្នាមិនស្តាប់សោះ និយាយអញ្ចេះចេញអញ្ចុះល្បិចនោះល្បិតឥឡូវមានក្រវាតចោលហើយខេត្តណាដែលមានខ្លួនត្រូវដកខ្លួនបន្ទាន់"៕