2024-07-08 04:07
337

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាមទីសាធារណៈសំខាន់ៗ               ទីស្ដីការក្រសួង ស្ថាប័នថ្នាក់ជាតិ អង្គភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ សាលារៀនរដ្ឋនិងឯកជន និងទីប្រជុំសហគមន៍ ឱ្យបានកុះករ ក្លៀវក្លា និងមហោឡារិកជាទីមោទនៈ។នេះបើយោងទៅតាមរយៈសារាចររណែនាំមួយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ។

នៅក្នុងសារាចរណែនាំដែលបានកំណត់យកថ្ងៃទី៥ ខែសីហា ជាថ្ងៃអបអរសាទរផ្លូវការនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសាងសង់ព្រែកជីកហ្វូណនតេជោនេះ បានគូសរំលេចថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។

គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យ ទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើត តំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ។ ទន្ទឹមនេះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយ ឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ហើយនឹងមិនបង្កផលប៉ះពាល់ដល់ បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ។

ការគាំទ្រ និងសាទរយ៉ាងក្លៀវក្លាបំផុតពីប្រជាពលរដ្ឋខ្មែរ រាប់លាននាក់នៅទូទាំងប្រទេស និងនៅក្រៅប្រទេស ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជា «គម្រោង របស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» បានក្លាយជាចលនាជាតិដ៏ខ្លាំងក្លាចងបាច់សាមគ្គីនិង មនសិការជាតិខ្មែរទាំងមូលដ៏រឹងមាំ ក្រោមម្លប់នៃសន្តិភាព។ក្នុងសារាចរនេះ ក៏បានណែនាំឱ្យគ្រប់រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំទីកន្លែងឱ្យបានសមរម្យ សម្រាប់រៀបចំពិធីអបអរសាទរ ដោយរៀបចំឱ្យមានការអុជកាំជ្រួច នាវេលាម៉ោង ១៩៖០០នាទីយប់។

បន្ថែមពីលើនោះ ក្រសួងព័ត៌មាន ត្រូវណែនាំឱ្យប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជន ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីអត្ថប្រយោជន៍នៃគម្រោងព្រែកជីកហ្វូណនតេជោ                និងទស្សនីយភាពអបអរសាទរនានាពាក់ព័ន្ធ នឹងការបើកការដ្ឋានសាងសង់ព្រែកជីក           ហ្វូណនតេជោ នេះផងដែរ៕