2024-08-05 04:08
249

កណ្តាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីពិធីបើកការដ្ឋានជាផ្លូវការ «ព្រែកជីកហ្វូណនតេជោ» នៅព្រែកតាកែវ ស្ថិតនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាសមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឺទ្ធសភា អង្គទូត មន្ត្រីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងប្រធានដឹកនាំការសាងសង់ បានថ្លែងថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រពោពេញដោយក្តីរំភើបរីករាយឥតឧប្បមា និងមោទនភាពជាតិបំផុត ដែលកម្ពុជាបានបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណន់តេជោ ដែលជាថ្ងៃប្រវត្តិសាស្ត្រដំបូងបំផុតរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងថា៖ «គម្រោងព្រែកជីកហ្វូណននេះ ជាគម្រោងដែលទាញសមុទ្រឱ្យជាប់ទន្លេ»។ លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា៖ «ការសិក្សាវិភាគក៏បានគូសបញ្ជាក់ឱ្យឃើញផងដែរថា “គម្រោងព្រែកជីកហ្វូណនតេជោ” នេះនឹងផ្ដល់អត្ថប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា រួមមានដូចជា៖ ពង្រឹងនូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក, កាត់បន្ថយថ្លៃដើម ចម្ងាយ និងពេលវេលា នៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ, និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត, កាត់បន្ថយការបំភាយឧស្ម័នពុលក្នុងបរិស្ថាន, ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី, បង្កើតជម្រកថ្មីៗសម្រាប់ពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ ជាពិសេសអាចទទួលបានទិន្នផល ត្រីជាមធ្យមប្រមាណ ១ ០០០តោន ក្នុងមួយឆ្នាំ ដែលអាចឱ្យប្រជាពលរដ្ឋប្រមាណជាង ១,៦លាននាក់ រស់នៅអមសងខាងព្រែកអាស្រ័យផលជាប្រចាំ, ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមាសម្រាប់ខេត្តភាគខាងកើត និងភាគនិរតីរបស់កម្ពុជា, ផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋប្រមាណជាង ១ម៉ឺននាក់ សម្រាប់ចូលរួមដំណើរការសាងសាង់ព្រែកជីកនេះ និងអាចបង្កើតការងារជាងរាប់សិបម៉ឺននាក់ នៅក្រោយពេលសាងសង់រួច និងផ្តល់អត្រាផលចំណេញសេដ្ឋកិច្ចខ្ពស់ (EIRR) ពី ២០ភាគរយទៅ៣១ភាគរយ ខ្ពស់ជាងអត្រាមធ្យម ១២ភាគរយ ដែលត្រូវបានកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ»។

ចំពោះឡលក្ខណៈបច្ចេកទេស នៃគម្រោងព្រែកជីកហ្វូណនតេជោ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា៖ «គម្រោងនេះ ត្រូវបានប្រើប្រាស់ពេលវេលាសិក្សាសរុប ២៦ខែ ចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២១ និងបញ្ចប់របាយការណ៍សិក្សាបច្ចេកទេសទាំងស្រុង នាខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ ត្រូវបានចូលរួមអនុវត្តការសិក្សាស្រាវជ្រាវដោយក្រុមជំនាញការបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមជំនាញការបច្ចេកទេសជាន់ខ្ពស់របស់ភាគីចិន សរុបចំនួន ៤៨នាក់»។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមទៀតថា៖ «គម្រោងនេះ ត្រូវបានសិក្សាយ៉ាងលម្អិត និងគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព ដោយមានការសិក្សាវិភាគ និងវាយតម្លៃយ៉ាងច្បាស់លាស់លើទីតាំងភូមិសាស្រ្ត ដោយប្រើប្រាស់បច្ចេកវិទ្យាដ្រូន និងរូបភាពពីផ្កាយរណប, ផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចដោយប្រើឧបករណ៍ម៉ូដែលវិភាគសេដ្ឋកិច្ចរបស់ ADB និងផលប៉ះពាល់ផ្សេងៗទៀត ដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្រ្ត (GIS), បញ្ហាជលសាស្រ្ត និងកករដីដោយប្រើឧបករណ៍ម៉ូដែលជលសាស្រ្តទំនើប (MIKE Plus 2023) និងការសិក្សាលើចលនាបម្រែបម្រួល (Simulation)នៃកម្ពស់ទឹកក្នុងតំបន់ ផ្អែកលើព័ត៌មានចាប់តាំងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ២០២៣ ដើម្បីធានាឱ្យបានថាគម្រោងនេះ នឹងមិនមានផលប៉ះពាល់ដល់បរិស្ថានទាំងក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសជិតខាង»។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «ចំពោះតម្រាយផ្លូវទឹកនេះ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងព្រែកជីកនេះ នឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម្ល៉េះ ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មី មានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ»។

លោកឧបនាយករដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា៖ «ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ, មុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ, ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ ចំនួន ០២គន្លង ដែលអាចអនុញ្ញាតឱ្យនាវាមានទម្ងន់ ១០០០DWT បើគិតតាមស្តង់ដាររបស់គណៈកម្មការទន្លេមេគង្គ និងរហូតដល់ ៣០០០DWT បើគិតតាមស្តង់ដារប្រទេសចិន អាចចេញ-ចូល ចៀសគ្នាបានដោយសុវត្ថិភាព និងធ្វើនាវាចរណ៍បានគ្រប់ពេលវេលា។ ជម្រៅទឹក ៥,៤ម៉ែត្រនេះ គឺជាកម្រិតនៃជម្រៅទឹកដែលស្ថិតនៅក្រោមនីវ៉ូនៃកម្រិតកម្ពស់ទឹកដែលទាបបំផុតក្នុង រយៈពេល ៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០២៤ នៃតំបន់ទន្លេ និងសមុទ្រ។ ដូចនេះហើយ ដើម្បីធានាឱ្យបាននូវជម្រៅទឹកយ៉ាងទាបបំផុត ៥,៤ម៉ែត្រ ទាំងក្នុងរដូវប្រាំង និងរដូវវស្សាទាមទារឱ្យធ្វើការជីកពីផ្ទៃដីខាងលើ ដោយនៅតំបន់ខ្លះ ២០ម៉ែត្រ ឬរហូតទៅដល់ ៣០ម៉ែត្រ ទើបអាចសម្រេចបាននូវជម្រៅទឹក ៥,៤ម៉ែត្រ នេះ ជាកម្រិតជម្រៅទឹកអប្បបរមា រីឯរដូវវស្សាជម្រៅទឹកអាចឡើងរហូតដល់ជា ង១០ឬ១៥ម៉ែត្រ»។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា  គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្ត កណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា  បានបញ្ជាក់ទៀតថា៖ «គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាងមុខ ប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក ដោយត្រូវបានចែកចេញជាពីរកំណាត់៖ កំណាត់ទី១ ដែលមានចម្ងាយ ២១គីឡូម៉ែត្រ ពីព្រែកតាកែវ នៃទន្លេមេគង្គ ទៅព្រែកពោធិ៍ នៃទន្លេបាសាក់ នឹងត្រូវវិនិយោគ ១០០ភាគរយ ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី២ ដែលមានចម្ងាយ ១៥៩គីឡូម៉ែត្រ ពីទន្លេបាសាក់ខេត្តកណ្តាលរហូតដល់សមុទ្រខេត្តកែប និងត្រូវវិនិយោគរួមគ្នារវាងសហគ្រាសសាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។ ការវិនិយោគនេះ នឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕