2024-09-05 17:11
151

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងគម្រោងកិច្ចសហប្រតិប្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) មានក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ជាពិសេសអ្នករស់នៅក្រៅប្រទេស ចង់បង្វែរព្រឹត្តិការនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ពីការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដើម្បីស្នើដល់រាជរដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV-DTA ប៉ុន្តែពួកគេឈ្លាតកេងចំណេញចង់រៀបចំផែនការធ្វើបដិវត្តពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលទៅវិញ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ផែនការថ្ងៃទី១៨ សីហា វាបានផ្ទុយពីគោលគំនិតដើម ដែលប្រជាពលរដ្ឋព្រួយបារម្ភពីគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA) នេះ។ ប្រជាពលរដ្ឋភាគច្រើនកង្វល់ ប៉ុន្តែមិនចង់ឱ្យប្រទេសជាតិបែកបាក់គ្នានោះទេ ដោយការបញ្ចេញមតិរបស់ពួកគាត់ ដើម្បីឱ្យរាជរដ្ឋាភិបាលចាត់វិធានការផ្សេងៗ និងធានាថាកុំឱ្យមានការបាត់ទឹកដី និងអធិបតេយ្យភាព ប៉ុន្តែជ្រុលនិយមមួយក្តាប់តូចបានឈ្លាតឱកាសដោយដំបូងឡើងគោលបំណងធ្វើបាតុកម្មប្រឆាំងនឹងគម្រោង CLV-DTA ប៉ុន្តែជាក់ស្តែងមានក្រុមមួយនោះ បានបង្វែគោលដៅនេះ ដើម្បីធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលតែម្តង តើធ្វើបែបនេះបានចំណេញអ្វីដល់ប្រជាពលរដ្ឋ?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា៖ «អ្នកដែលផ្តួចផ្តើមគំនិត និងបំផុលបំផុលខ្លាំងបំផុត គឺអ្នកដែលរស់នៅក្រៅប្រទេស ខ្ញុំហួសចិត្តបុគ្គលម្នាក់ មានឈ្មោះ ហៃ វណ្ណ រស់នៅប្រទេសជប៉ុន ដោយគាត់បំផុលគំនិតឱ្យប្រជាពលរដ្ឋផ្តួលរំលំរដ្ឋាភិបាលឱ្យបាន នៅថ្ងៃទី១៨ សីហា ប៉ុន្តែបើធ្វើមិនបានសម្រេចត្រូវរក្សាផែនការនេះឱ្យជាប់ ដើម្បីកុំឱ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសក៏មិនចង់ទៅលេងស្រុកខ្មែរ អ្នកវិនិយោគក៏មិនចង់មករកស៊ីនៅស្រុកខ្មែរ និងដកខ្លួនចេញពីកម្ពុជា ធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចរបស់ប្រទេសដាំក្បាលចុះ ដើម្បីដុតកំដៅប្រជាពលរដ្ឋខឹងរដ្ឋាភិបាល រួចធ្វើការផ្តួលរំលំរដ្ឋាភិបាល»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ «សូម្បីតែសេដ្ឋកិច្ចចិញ្ចឹមប្រជាពលរដ្ឋរាប់លាននាក់ទូទាំងប្រទេស ក៏បុគ្គលឈ្មោះ ហៃ វណ្ណា ហ៊ានធ្វើដែរដោយដុតផ្ទះមួយទាំងមូល ដើម្បីចំអិនពងមាន់១គ្រាប់ ដើម្បីសម្រេចគោលបំណងផែនការធ្វើបដិវត្តផ្តួលរំលំរាជរដ្ឋាភិបាលគាត់ហានបង្វែរស្ថានការណ៍នេះ។ ក្នុងនាមរាជរដ្ឋាភិបាលមិនបណ្តែតបណ្តោយឱ្យផែនការដ៏ខ្មៅងងឹតនេះកើតមានដាច់ខាត គឺយើងត្រូវតែអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដោយមានការចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ អាជ្ញធរពាក់ព័ន្ធគ្រប់ផ្នែក ជាពិសេសប្រជាពលរដ្ឋរបស់យើងដែលមិនចូលរួមក្នុងសកម្មភាពជ្រុលនិយម ក្នុងនោះក៏មានប្រជាពលរដ្ឋដែលមិនគាំទ្រគម្រោង CLV-DTA មិនចូលរួមផែនការដុតបំផ្លាញប្រទេសជាតិខ្លួនបែបនេះ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «ផែនការរបស់ក្រុមប្រឆាំងជ្រុលនិយម បានរៀបចំកម្លាំង និងគម្រោងច្បាស់លាស់ ត្រៀមអាវុធកាំបិទ ដបសាំង ចំពាម សម្ភារៈផ្សេងៗទៀត រហូតត្រៀមដល់ត្រួត ដើម្បីបំពាក់គ្រាប់បែកទម្លាក់លើកងកម្លាំងមានសមត្ថកិច្ចតែម្តង ដូច្នេះរដ្ឋាភិបាលមិនអាចបណ្តែតបណ្តោយឱ្យកើតមានដាច់ខាត គឺត្រូវតែអនុវត្តច្បាប់ឱ្យបានទាន់ពេលវេលា មិនអនុញ្ញាតិឱ្យអ្នកឯកដុតបំផ្លាញប្រទេសជាតិនោះទេ»។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី “ប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា” នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ កញ្ញា ២០២៤នេះ រាជធានីភ្នំពេញ។ ការប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី១៥ ដល់ជំនាន់ទី១៩ និងប្រគល់វិញ្ញាបនបត្រ សុក្រឹតការវិជ្ជាជីវៈមេធាវីដល់សិក្ខាកាមមេធាវីវគ្គទី៣ ដល់វគ្គទី១៦ សរុបចំនួន ១ ៦៦០ នាក់ផងដែរ៕