2024-09-27 09:09
89

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងចាត់ទុកការបញ្ចប់កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) គឺប្រៀបបាននឹងការដកដាវ និងដកគ្រាប់កាំភ្លើង ពីក្រុមប្រឆាំងក្រៅប្រទេស ដែលបានយកបញ្ហា CLV-DTA មកចាក់ប្រជាពលរដ្ឋ ឱ្យមានការបារម្ភអំពីបញ្ហាបាត់បង់ទឹកដី។

នៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ៣,៥៣០នាក់ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានថ្លែងដូច្នេះថា «អ្នកមួយចំនួននៅក្រៅប្រទេស ស្រែកជយោ ! ប៉ុន្តែអត់ដឹងថាខ្លួនឯង កំពុងបាត់គ្រាប់កាំភ្លើង សល់តែកាំភ្លើងតែអត់គ្រាប់ បាត់ដាវវពីដៃ ព្រោះពីមុនយក CLV ដើម្បីចាក់ប្រជាពលរដ្ឋឱ្យបារម្ភរហូតពីរឿងនេះ អ្នកជប់លៀងចុះ តែក្រោយពីជប់លៀង បែរជាកើតទុក្ខ ព្រោះអស់គ្រាប់ អស់ដាវពីដៃ ដើម្បីបាញ់រាជរដ្ឋាភិបាល និងចាក់បំផុតប្រជាជនឱ្យព្រួយបារម្ភ ឥឡូវប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មូលគ្នាហើយ ឯកភាពគ្នាហើយ»។សម្តេចលើកឡើងថា បន្ទាប់ពីក្រុមប្រឆាំងក្រៅប្រទេសអស់គ្រាប់កាំភ្លើង និងអស់ដាវពីដៃ ពួកគេខំបង្វែរយកគម្រោងកិច្ចសហប្រតិបត្តិការ CLMV មកបំភ្លៃវិញម្តង។

សម្តេចបានថ្លែងបញ្ជាក់ថា គ្មាន ឬមាន CLV-DTA អត់សំខាន់។ អ្វីដែលសំខាន់ គឺការប្តេជ្ញាចិត្តបន្តអភិវឌ្ឍន៍តំបន់ភូមិភាគឦសាន្ត ឱ្យកាន់តែរីកចម្រើន តាមរយៈការបន្តកិច្ចការបោះបង្គោលព្រំដែន និងធ្វើផ្លូវក្រវាត់ព្រំដែន ឱ្យបងប្អូនប្រជាពលរដ្ឋ កាន់តែមានជីវភាពធូរធាឡើង។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីបានច្រានចោល នូវការលើកឡើងរបស់ក្រុមប្រឆាំងដែលថា ការចាកចេញពីគម្រោងកិច្ចសហប្រតិបត្តិការ ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កម្ពុជាត្រូវបង់ថវិការាប់រយលានដុល្លារ គឺមិនពិតនោះទេ នៅក្នុងកិច្ចព្រមព្រៀងការដកខ្លួនចេញពី CLV គឺគ្រប់ភាគីអាចដកខ្លួន បានគ្រាន់តែតម្រូវឱ្យមានការជូនដំណឹងផ្លូវការ តាមរយៈក្រសួងការបរទេស ហើយក្រសួងការបរទេសកម្ពុជា បានជូនដំណឹងដល់ក្រសួងការបរទេសឡាវ និងវៀតណាមរួចហើយ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅនេះ។

សូមជម្រាបថា កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើលិខិតផ្លូវការ ទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ដើម្បីបញ្ជាក់ពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)។

ប្រមុខការទូតកម្ពុជាបានលើកឡើងក្នុងលិខិតថា បន្ទាប់ពីបានពិចារណា និងវាយតម្លៃដោយម៉ត់ចត់ ពីវឌ្ឍនភាពនៃ CLV-DTA រួចមក កម្ពុជាយល់ថា កិច្ចសហប្រតិបត្តិការនេះ បានឈានដល់គោលដៅរបស់ខ្លួនហើយ។ នាពេលនេះ កម្ពុជាជឿថា ប្រទេសនីមួយៗមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្ត និងធានាការអភិវឌ្ឍជាតិរៀងខ្លួន។
ការសម្រេចបញ្ចប់ការចូលរួមក្នុង CLV-DTA ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកំពូលៗមួយចំនួនទៀត ក្នុងបំណងដើម្បីដោះស្រាយកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យពួកគេមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត៕