2024-10-04 10:46
52

(ភ្នំពេញ)៖ ការដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើតក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ តាមរយៈរថយន្តក្រុង ដោយមិនគិតថ្លៃក្នុងមួយឆ្នាំៗបានកើនឡើងប្រមាណ១០ ទៅ១៥ភាគរយ។ ការកើនឡើងចំនួនអ្នកជិះជាបន្តបន្ទាប់នេះ ដោយសារពួកគាត់មានជំនឿទុកចិត្តលើការដឹកជញ្ជូនរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

នេះការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពេលលោករួមជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក៏មានការចូលរួមពីអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប បានរួមដំណើរអញ្ជើញទៅជូនដំណើរបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នាព្រឹកព្រលឹមថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌប្ញស្សីកែវ។

លោក ឃួង ស្រេង បានថ្លែងថា រាល់ពីធីបុណ្យជាតិធំៗម្តងៗ ដូចជាបុណ្យចូលឆ្នាំនិងបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ កម្មករកម្មការិនីនិងនិយោជិត តែងមកទទួលសេវាជិះរថយន្តក្រុងដោយមិនគិតថ្លៃ ពីរដ្ឋបាលរាជធានីភ្នំពេញ ដែលបានធ្វើឲ្យចំនួនអ្នកជិះកើនឡើង ប្រមាណ១០ទៅ១៥ភាគរយជារៀងរាល់ឆ្នាំ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ការកើនឡើងចំនួនអ្នកជិះជាបន្តបន្ទាប់នេះ គឺដោយសារមានការផ្សព្វផ្សាយជាមួយនិងការនិយាយតៗគ្នាពីសំណាក់បងប្អូនប្រជាពលរដ្ឋថា អ្នកបើកបររថយន្តក្រុងរបស់យើងមានសុជីវធម៌ល្អ រថយន្តមានផាសុខភាព និងការដឹកជញ្ជូនបានទាន់ពេលវេលា ដែលធ្វើឲ្យពួកគាត់ជឿទុកចិត្ត ទើបនិយាយតៗគ្នារហូតមានអ្នកជិះកើនឡើងជានិច្ច។

លោក ឃួង ស្រេង បានបន្តទៀតថា ចំនួនរថយន្តក្រុងពីមួយឆ្នាំទៅមួយឆ្នាំ តែងកើនឡើងជាបន្តបន្ទាប់ ធ្វើឡើងទៅតាមចំនួនប្រជាពលរដ្ឋ ដែលមកទទួលសេវានេះ ដែលបានកាត់បន្ថយពីការចំណាយប្រជាពលរដ្ឋជាច្រើន។ នេះជាការគិតគូររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

គួរបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញនិងប្រើប្រាស់រយៈពេល៦ថ្ងៃ ដើម្បីដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាននៃប្រទេស ដោយចាប់ផ្តើមចេញដំណើរពីថ្ងៃទី២៩ ខែកញ្ញានេះ ដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៤ «ជិះមិនបង់ប្រាក់» ជាមួយនឹងការប្រើប្រាស់រថយន្តក្រុង ចំនួន៦៥៣គ្រឿង រួមមាន៖
ទី១៖ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ។

ទី២៖ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានា ក្រៅពីតំបន់ភូមិភាគឦសាន)៖ ប្រើប្រាស់រថយន្តក្រុង ចំនួន ៤៩៧គ្រឿង។

៣៖ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរទៅស្រុកកំណើត និងទៅលេងកម្សាន្តនៅតំបន់ ភូមិភាគឦសាន (ខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី និងខេត្តរតនគិរី)៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៥៦គ្រឿង។

ទន្ទឹមនឹងនេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃតាមគោលដៅចេញដំណើរ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំដំឡើងថ្លៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕