2024-10-04 01:10
48

ពោធិ៍សាត់៖ សូមបញ្ជាក់ថារយ:ពេល០៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ស្ថានភាពទូទៅទាក់ទងនិងសន្តិសុខសណ្តាប់ធ្នាប់ មានភាពកាន់តែល្អប្រសើរឡើង ដោយ ឆ្នាំនេះលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្កើនកងកម្លាំងការពារ រហូតដល់ជាង១៥.០០០នាក់ មាននគរបាលជាតិ កងរាជអាវុធហត្ថ និងកម្លាំងប្រជាការពារដាក់ពង្រាយគ្រប់វត្តអារាម តំបន់ទេសចរណ៍និងគោលដៅសំខាន់ៗ ដើម្បីសម្រួលចរាចរណ៍និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ 

ជាមួយគ្នានោះបើតាមលោកស៊ិន ធា អនុប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយ:ពេល៣ថ្ងៃនេះ ភ្ញៀវទេសចរមកកម្សាន្តតាមតំបន់ទេសចរណ៍នានាក្នុងខេត្តពោធិ៍សាត់សរុបមានចំនួនជាង៦ម៉ឺននាក់ ក្នុងនោះភ្ញៀទេសចរ បរទេសមានចំនួន៤៩នាក់ គឺកើនឡើង០,៨៥% ប្រៀបធៀប ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៣ ។

 សម្រាប់សហគមន៍តំបន់ការពារធម្មជាតិ ទឹកធ្លាក់ច្រកល្អៀង នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិ សាស្រ្តខេត្តពោធិ៍សាត់ បានទាក់ទាញភ្ញៀវទេសចរណ៍ បានច្រើនជាងគេ ជិត២ម៉ឺននាក់ និងអាចរកចំណូលបានជិត១ម៉ឺនដុល្លារក្នុងរយះពេល០៣ថ្ងៃនេះផងដែរ។

នាពេលកន្លងមករដ្ឋបាលខេត្តបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ទេសចរណ៍លំហែបៃតង ដោយបានយកចិត្តទុកដាក់ ជំរុញការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋនៅតាមសហគមន៍ គោរពវប្បធម៌ និងបរិស្ថាន និងជំរុញឱ្យសហគមន៍ មានភាពស្អាត មានផ្តល់សេវា ក្នុងតម្លៃសមរម្យ មានអនាម័យ មានការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការការពារព្រៃឈើ សត្វព្រៃ និងដាំស្តារព្រៃឈើ ដែលជួយបង្កើនចំណូលបន្ថែម តាមរយៈវិស័យអេកូទេសចរណ៍ និងកាត់ផ្តាច់ពីការពឹងអាស្រ័យ លើអនុផលព្រៃឈើ។

បន្ថែមពីនេះកន្លងមក ក៏មានការបណ្តុះបណ្តាលឱ្យសហគមន៍ក្លាយជាម្ចាស់លើការអភិវឌ្ឍទេសចរណ៍ធម្មជាតិ មានភាពស្អាត បៃតង ចេះផលិតវត្ថុអនុស្សាវរីយ៍ ការដាំដំណាំរួមផ្សំផ្សេងៗ មានបន្លែបង្ការ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ គ្រួសារប្រចាំថ្ងៃ សម្រាប់លក់ទៅទីផ្សារ និងបម្រើសេវាកម្មទេសចរណ៍ជាដើម៕ លាន គ្រន