2024-10-05 10:10
47

ក្រចេះ៖ មន្រ្តីជំនាញរដ្ឋបាលជលផលក្រចេះ កាលពីព្រឹកថ្ងៃទី៤ ខែតុលាឆ្នាំ ២០២៤ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ដោយបានរឹបអូសវត្ថុតាងមួយចំនួនផងដែរ ។

បើតាមលោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះបានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះបានការសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដឹកនាំដោយលោក ភួង ទីណា នាយរងអធិការដ្ឋាន ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ព្រមទាំងសហគមន៍នេសាទ ដោយបានប្រើទូកម៉ាស៊ីនចំនួន២គ្រឿង ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រឃុំ   ប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ 
ជាលទ្ធផលនៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការ រុះរើ និងបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់មួយចំនួនរួមមាន របាំងព្រួលស្បៃមុងចំនួន៦ខ្សែ ប្រវែង៣៥០ម៉ែត្រ  លូស្បៃមុងចំនួន៦មាត់លូ របាំងណរ៉ាវសាច់អួននីឡុង(សាច់កាវ)ក្រឡា០៣ សង់ទីម៉ែត្រ  ចំនួន០៣ខ្សែ ប្រវែង២៥០ ម៉ែត្រ ។ 

លបរ៉ាវចំនួន៣គ្រឿងក្រឡាទំហំ៣ សង់ទីម៉ែត្រ បង្គោលចម្រឹងប្ញស្សីចំនួន៩០ដើម ។ ចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ២៥០គ.ក. ចូលទៅក្នុងដែនទឹកធម្មជាតិវិញ និងបានដកហូតឧបករណ៍ឆក់ត្រី០១គ្រឿង ទូកម៉ាស៊ីន១គ្រឿង យកមករក្សាទុកនៅផ្នែករដ្ឋបាលជលផលព្រែកប្រសព្វដើម្បីរង់ចាំ  មានវិធានការបន្តតាមនីតិវិធី។ ចំពោះជនសង្ស័យបានរត់គេចខ្លួនបាត់អស់ផងដែរ។