2024-10-06 10:10
53

(ភ្នំពេញ)៖ ក្នុងឱកាសឡើងធ្វើបាឋកថា ស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា ការទិញភ្លើងពីបរទេស មិនមែនមានន័យថា កម្ពុជាពឹងដង្ហើមគេដកនោះទេ ប៉ុន្តែជាបំពេញបន្ថែម បម្រើឱ្យផលប្រយោជន៍យុទ្ធសាស្រ្តរបស់ប្រទេស ស្របពេលដែលបច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងទិញថាមពលអគ្គិសនីមួយចំនួន ពីប្រទេសជិតខាង។

ឯកឧត្តម កែវ រតនៈ បានលើកឡើងថា បើទោះបីជាកម្ពុជា បាននាំចូលថាមពលពីវៀតណាម ពីថៃ និងឡាវ សម្រាប់ប្រើប្រាស់ក៏ដោយ ប៉ុន្តែមិនឱ្យលើសពី ៣០%នៃការប្រើប្រាស់សរុបនេះនោះទេ។ ហើយនេះ គឺជាគោលការណ៍តាំងពីរដ្ឋាភិបាលពីអាណត្តិចាស់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រហូតមកដល់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការនាំចូលនេះ គឺជាការបំពេញបន្ថែម ដើម្បីឱ្យកម្ពុជាមានថាមពលភាគច្រើន នៅក្នុងដៃរបស់ខ្លួន ដើម្បីសម្រេចបាននូវសន្តិសុខថាមពល ខណៈប្រទេសនានា ក៏ធ្វើបែបនេះដូចគ្នា។ ជាក់ស្តែងវៀតណាម ដែលកំពុងលក់ភ្លើងជាង ២០០មេហ្គាវ៉ាត់ឱ្យកម្ពុជា ប៉ុន្តែវៀតណាមក៏កំពុងទិញភ្លើងជាង ៦០០មេហ្គាវ៉ាត់ពីចិន និងរាប់ពាន់មេហ្គាវ៉ាត់ពីឡាវ។ ចំណែកថៃវិញ ដែលកំពុងលក់ភ្លើងតិចតួចឱ្យកម្ពុជា ក៏កំពុងទិញភ្លើងរាប់ពាន់មេហ្គាវ៉ាត់ ពីឡាវផងដែរ។ រីឯសហរដ្ឋអាមេរិក ក៏ទិញពីកាណាដា សម្រាប់បំពេញតម្រូវការក្នុងស្រុកដូចគ្នា។

 ឯកឧត្តមបន្ថែមថា «ដូច្នេះការទិញទៅវិញទៅមកដើម្បីបំពេញបន្ថែមផលប្រយោជន៍យុទ្ធសាស្រ្តរបស់ប្រទេស គឺជាផលចំណេញដែលគេធ្វើទូទាំងពិភពលោក មិនមែនតែកម្ពុជាយើងនោះទេ»។

ការលើកឡើងរបស់ ឯកឧត្តម កែវ រតនៈ ក៏ស្របពេលដែលកម្ពុជា មិនជ្រើសរើស យកជម្រើសសាងសង់ទំបន់វារីអគ្គិសនីនៅដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង ខណៈការអនុញ្ញាតឱ្យសាងសង់ ទំបន់វារីអគ្គិសនីនៅដងទន្លេមេគង្គ កម្ពុជានឹងទទួលបានថាមពលបន្ថែមប្រមាណពី ៨០០មេហ្គាវ៉ាត់ ឬ១០០០មេហ្គាវ៉ាត់ ។

ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា បើទោះបីជាកម្ពុជា មិនសូវសំបូរទីតាំងក្នុងការសាងសង់វារីអគ្គិសនី ក៏ដោយ ប៉ុន្តែរដ្ឋាភិបាលតាំងពីអាណត្តិចាស់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រហូតមកដល់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនអនុញ្ញាតឱ្យសាងសង់ទំបន់វារីអគ្គិសនីនៅដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងនោះ គឺដើម្បីកុំឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេមេគង្គ។ ដូច្នេះហើយទើបរដ្ឋាភិបាលសុខចិត្តចរចាទិញភ្លើងពីឡាវ មកបំពេញបន្ថែម។

ឯកឧត្តមបានលើកឡើងទៀតថា យើងត្រូវការឱ្យមានតុល្យភាពមួយសមស្រប ឧទាហរណ៍ផលប្រយោជន៍ ដែលទទួលបាន ៨០០មេហ្គាវ៉ាត់ ឬ១០០០មេហ្គាវ៉ាត់ នៅដងទន្លេគង្គ នៅខេត្តស្ទឹងត្រែង បើធ្វើទំបន់ហ្នឹងគឺបានផលច្រើន បានភ្លើងច្រើនភ្លាម ប៉ុន្តែយើងខ្ញុំក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ពីអតីតកាលដែលគាត់ដឹកនាំរដ្ឋាភិបាល ក៏ដូចជាសម្តេចមហាបវរធិបតី គឺយើងគិតថាផលដែលបានមកពី ៨០០មេហ្គាវ៉ាត់ ឬ១០០០មេហ្គាវ៉ាត់ គឺមិនសក្កសមនឹងការបាត់បង់ប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គទេ ប្រទេសគេអាចជ្រើសរើសបាន។ យើងចង់បានភ្លើងដែរ តែត្រូវគិតគូរពីផលប៉ះពាល់មួយចំនួន ដែលយើងចង់ឱ្យតម្លៃ អ៊ីចឹងហើយបានយើងមិនធ្វើ»៕