(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញក្ដីរំពឹងថា តាមរយៈព្រឹត្តិការណ៍ Miss Grand International នឹងបង្ហាញពីសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា ដ៏សម្បូរបែបទៅកាន់ពិភពលោក ខណៈកម្មវិធីលំដាប់អន្តរជាតិនេះទទួលបានការទស្សនាច្រើនជាងគេបំផុតក្នុងពិភពលោក។
គួរជម្រាបថា នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី ហួត ហាក់ បានជួបសំណេះសំណាលជាមួយ Miss Grand International មកពី៧៥ប្រទេស ដែលនឹងត្រូវចូលរួមការប្រកួតនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី៣-១៣ ខែតុលា ឆ្នាំ២០២៤។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងទេសចរណ៍, គណៈគ្រប់គ្រងកម្មវិធី Miss Grand Cambodia (MGC), Miss Grand International, ប្រធានសមាគមទេសចរណ៍កម្ពុជា ប្រធានសហព័ន្ធទេសចរណ៍ ប្រធានសមាគមសណ្ឋាគារកម្ពុជា ព្រមទាំងបេក្ខនារី Miss Grand International មកពី៧៥ប្រទេស សរុប១៥០រូប នៅទីស្តីការក្រសួងទេសចរណ៍។
លោករដ្ឋមន្ត្រីបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈគ្រប់គ្រងកម្មវិធី និង Miss Grand International ដែលមកពី៧៥ប្រទេស ព្រមទាំងក្រុមការងារមកកាន់ព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។
លោក ហួត ហាក់ បានឱ្យដឹងថា នេះគឺជាព្រឹត្តិការណ៍ដ៏កក្រើកថ្មីមួយទៀតក្នុងឆ្នាំនេះសម្រាប់ប្រទេសកម្ពុជាដែលបានសហការរៀបចំ និងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត Miss Grand International ឆ្នាំ២០២៤។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំកម្មវិធី Miss Grand International នៅប្រទេសកម្ពុជា សរបញ្ជាក់ថាប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលកំពុងរស់នៅក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាពដែលកម្មវិធីនេះនឹងបង្ហាញឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពីកម្ពុជាជាប្រទេសដែលពោរពេញដោយសុខសន្ដិភាព ស្ថិរភាពនយោបាយ មានសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យដោយប្រជាជនរស់នៅប្រកបដោយភាពសុខដុមរមនា។
កម្ពុជាជាប្រទេសដែលមានប្រជាជនពោរពេញដោយស្នាមញញឹមទទួលស្វាគមន៍យ៉ាងកក់ក្ដៅ មានប្រាង្គប្រាសាទដ៏អស្ចារ្យ សម្បត្តិវប្បធម៌ដែលមានប្រវតិ្តដ៏យូរលង់ និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង សម្រាប់ទស្សនាកម្សាន្ដ និងសម្រាកលម្ហែកាយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិពីគ្រប់មជ្ឈដ្ឋាន។
ជាមួយគ្នានេះ Miss Grand International ទាំង៧៥ប្រទេស នឹងធ្វើដំណើរកម្សាន្តនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលនឹងជួយផ្សព្វផ្សាយបន្ថែមទៀតពីទេសចរណ៍កម្ពុជា និងជួយជំរុញយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤»។
ក្នុងន័យនេះ លោករដ្ឋមន្ត្រីមានជំនឿថា តាមរយៈព្រឹត្តិការណ៍មួយនេះ កម្ពុជានឹងបង្ហាញពីសក្តានុពលនៃវិស័យទេសចរណ៍ដ៏សម្បូរបែប ទៅកាន់ពិភពលោក ដោយកម្មវិធី Miss Grand International ទទួលបានការទស្សនាច្រើនជាងគេបំផុតក្នុងពិភពលោកជាពិសេសពីបណ្ដាប្រទេសនានាដែលបេក្ខនារី Miss Grand International ទស្សនានិងបោះឆ្នោតជូនបេក្ខនារីតំណាងប្រទេសរបស់ខ្លួន។
លោករដ្ឋមន្ត្រីក៏បានជូនក្រមារូបផ្ការំដួល តំណាងអត្តសញ្ញាណជាតិ ដល់បេក្ខនារី Miss Grand International ទាំង៧៥ប្រទេស ជាអនុស្សាវរីយ៍។
រដ្ឋមន្ត្រី ហួត ហាក់ បានអំពាវនាវឱ្យមានការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ស្របនឹងពាក្យស្លោកថា៖ «ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា!» និង «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!»៕