2024-10-10 09:58
64

(វៀងចន្ទន៍, ឡាវ)៖ នៅព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤នេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ ដែលធ្វើនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានចាប់ផ្តើមបើកជាផ្លូវការហើយ។

កិច្ចប្រជុំកំពូលប្រចាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ត្រូវបានប្រព្រឹត្តទៅយ៉ាងមហោឡារិក ដោយមានការអញ្ជើញជាអធិបតីដោយលោក ថងលូន ស៊ីសូលីត ប្រធានរដ្ឋឡាវ និងមានការយាង និងអញ្ជើញចូលរួមពីព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ, លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ឡរ៉ែនស៍ វ័ង នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពិន លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីថៃ លោក Ma'ruf Amin អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រខាងកើត។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន ក៏មានការអញ្ជើញចូលរួមពីភរិយារបស់មេដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។

កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅលើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើតមានប្រកបដោយប្រសិទ្ធភាព។

បន្ទាប់ពីពិធីបើកជាផ្លូវការបានប្រព្រឹត្តរួចរាល់ហើយនោះ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ក៏បានចាប់ផ្តើមជាបន្តបន្ទាប់ទៅតាមរបៀបវារៈ ដែលបានរៀបចំ៕