2024-10-10 10:55
80

(កំពត)៖ នៅព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៤នេះឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពតបានលើកទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុប តាំងស្មារតីឲ្យល្អ ខិតខំបញ្ចេញសមត្ថភាពខ្លួនឲ្យអស់ ដើម្បីប្រឡងឲ្យបានលទ្ធផលល្អ។ 

ខណៈដែលមន្ត្រីជំនាញបានបញ្ជាក់ថា ដំណើរការការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ មានភាពល្អប្រសើរ ហើយបេក្ខជនមិនបានយកសំណៅឯកសារវិញ្ញាសា ឬឧបករណ៍ហាមគាត់ចូលមណ្ឌលទេ លោកសង្ឃឹមថាឆ្នាំនេះ សិស្សនិទ្ទេសA អាចកើនឡើង។

 ជាមួយគ្នានោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប)នៅមណ្ឌលប្រឡងវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន(កំពតក្រុង) ហើយនៅក្នុងឱកាសនោះ ឯកឧត្តមបានលើកទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុប ប្រមូលស្មារតីឲ្យល្អ ដើម្បីអាចបញ្ចេញសមត្ថភាពដែលខ្លួនបានខំប្រឹងប្រែងរៀនសូត្រអស់រយៈពេល១២ឆ្នាំ ធ្វើយ៉ាងណា ឲ្យខេត្តកំពតឆ្នាំនេះ មានសិស្សនិទ្ទេសA កើនឡើងច្រើន ហើយរូបឯកឧត្តម និង ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត ត្រៀមរង្វាន់ម៉ូតូ សម្រាប់ទុកជូនបេក្ខជនជ័យលាភីជានិច្ច។ 

លោក សូ ភារិទ្ធ ប្រធានស្តីទី នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត បានបញ្ជាក់ថា ក្នុងដំណើរការនៃការប្រឡងនៅព្រឹកថ្ងៃទី៨ ខែតុលានេះ មានភាពល្អប្រសើររលូនទាំងក្នុង និងក្រៅមណ្ឌលប្រឡង។ 

លោក សូ ភារិទ្ធ ប្រធានស្តីទីបានបន្តឲ្យដឹងថា ចំពោះឥរិយាបថបេក្ខជន មានភាពល្អប្រសើរ ឆ្លងតាមការត្រួតពិនិត្យឆែកឆេ ព្រឹកនេះ មិនឃើញមានបេក្ខជនណាម្នាក់លាក់សំណៅឯកសារ ឬយកឧបករណ៍ហាមឃាត់តាមខ្លួនទេ ហើយលោកសង្ឃឹមថា ឆ្នាំនេះសិស្សនិទ្ទេសA អាចកើនឡើង ខណៈឆ្នាំ២០២៣ សិស្សនិទ្ទេសA មាន៩១នាក់។ 

ខេត្តកំពតមានមណ្ឌលប្រឡងសរុប ១០មណ្ឌល(ក្រុងកំពត ៤, ស្រុកទឹកឈូ៣ និងស្រុកអង្គរជ័យ៣) មាន២១០បន្ទប់ មានបេក្ខជនសរុប៥១៩៤នាក់ ស្រី ២៨២១នាក់ ក្នុងនោះបេក្ខជនស្វៃរិន ៣៥០នាក់ ស្រី១៦១នាក់ ដោយបែងចែកជា ថ្នាក់វិទ្យាសាស្ត្រ៖ មាន៣មណ្ឌល ៥៤បន្ទប់ បេក្ខជនចំនួន ១៣២៩នាក់ ស្រី ៨២៥នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម៖ មាន ០៧មណ្ឌល ១៥៦បន្ទប់ បេក្ខជនចំនួន ៣៩៣១នាក់ ស្រី ២០១២ នាក់។(សឹង រ៉ាត់)