2024-10-13 11:08
77

កាលពីព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នេះ ទូកងក្នុង ខេត្តបាត់ដំបងដែល វែង ជាង គេ ចាប់ផ្ដើម លូន រំកិលចុះក្នុង ស្ទឹងសង្កែ ដើម្បីត្រៀមលក្ខណៈប្រកួតជា មិត្តភាពនា ប៉ុន្មានថ្ងៃខាងមុខនេះ។

ទូកង ដ៏ វែងជាងគេក្នុងខេត្ត បាត់ដំបងដែលជាទូករបស់រដ្ឋបាលក្រុង មានឈ្មោះថា “សុវណ្ណភេត្រាបាត់ដំបងសជ័យ” នៅព្រឹកនេះ បានលូនរំកិលខ្លួនចុះក្នុង ស្ទឹងសង្កែ បន្ទាប់ពី តម្កល់ទុកអស់រយៈពេលមួយឆ្នាំពេញ នៅក្នុងទីអារាម វត្តពោធិវង្ស ស្ថិតក្នុង សង្កាត់ជ្រៃកោង ក្រុងបាត់ដំបង។

ទូករបស់រដ្ឋបាលក្រុង បាត់ដំបង ដែលមានឈ្មោះ «សុវណ្ណភេត្រាបាត់ដំបងសជ័យ» មានប្រវែងជាង ៣០ ម៉ែត្រ និងមានចំណុះកីឡាករចំនួន ៧៤ នាក់ បានរំកិលខ្លួនលូន ចុះទៅក្នុងស្ទឹងសង្កែមុនគេបង្អស់ ដើម្បីត្រៀមហ្វឹកហាត់ក្នុងការប្រកួត យកជ័យជំនះ នាប៉ុន្មានថ្ងៃខាងមុខនេះ ដោយមានការចុះពិនិត្យតាមដាន ពីលោក លាង វាសនា អភិបាលក្រុងបាត់ដំបងផងដែរ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង បានជ្រើសរើសយកថ្ងៃទី១៦ និងទី១៧ ខែតុលា ឆ្នាំ២០២៤ គឺជាថ្ងៃ រៀបចំពិធីប្រណាំងទូក នៅតាមបណ្ដោយដងស្ទឹងសង្កែកណ្ដាលក្រុងបាត់ដំបង។ 

ខណៈនៅខ្វះតែប៉ុន្មានថ្ងៃ ទៀតនឹងដល់ថ្ងៃរៀបចំពិធីរដ្ឋបាលខេត្តក៏ បានរៀបចំផ្កាភ្ញីលម្អក្នុងក្រុង និងមានតូបលក់ទំនិញគ្រប់ប្រភេទរៀបចំនៅប៉ែកខាងកើតដងស្ទឹងសង្កែ ដើម្បីទទួលបង ប្អូនមកទស្សនាកម្សាន្ត៕