2024-10-17 10:41
53

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីអុំទូក បណ្តែតប្រទីប និងបុណ្យចេញព្រះវស្សា នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង រយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរ មកមើលលេងកម្សាន្តសប្បាយរីករាយ ក្រោយខកខានរយៈពេលកន្លងមកដោយសារគ្រោះទឹកជំនន់ និងដោយវិបត្តិជំងឺកូវីដ១៩។

សម្រាប់ពិធីបើកនាថ្ងៃទី១នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង,លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសំណាក់សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត រដ្ឋបាលក្រុង ស្រុកប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្ត កងកម្លាំង និងមន្រ្តីរាជការ ប្រជាពលរដ្ឋជាច្រើនរូបចូលរួមផងដែរ។

លោក សុខ លូ បានថ្លែងថា ខេត្តបាត់ដំបង បានរៀបចំបុណ្យអុំទូក បណ្តែតប្រទីប ប្រពៃណីថ្នាក់ខេត្ត ក្នុងថ្ងៃបុណ្យចេញព្រះវស្សា ជារៀងរាល់ឆ្នាំ ដោយមានប្រវត្តិចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០០០មក ដល់បច្ចុប្បន្ន គឺមានរយ:ពេលជាង២០ឆ្នាំមកហើយ តែដោយសារនៅខេត្តមានគ្រោះទឹកជំនន់ និងបញ្ហាជំងឺរីករាលដាលកូវីដ១៩ ធ្វើឱ្យខកខានប្រារព្ធពិធីនេះរយៈពេក២ឆ្នាំ ចាប់តាំងពី២០២០ និងឆ្នាំ២០២១កន្លងមក ជាក់ស្តែងឆ្នាំនេះគឺជាលើកទី២៥ ហើយដែលខេត្តបាត់ដំបងបានដំណើរការប្រារព្ធពិធីប្រណាំងទូកតាមប្រពៃណីថ្នាក់ខេត្តឡើងវិញ។

លោក សុខ លូ បានបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្តែតប្រទីបនេះ ដើម្បីចូលរួមថែរក្សានូវប្រពៃណីជាតិដែលជាប់ទាក់ទងទៅនឹងប្រវត្តិសាស្រ្តសមយុទ្ធនៃកម្លាំងសាមគ្គីកងទ័ពជើងទឹករបស់ខ្មែរ មានតាំងពីយូរលង់មកហើយ។ 

ទូកប្រណាំងដែលគណៈកម្មការបានរៀបចំប្រណាំងមានទូកចំនួន៤២ទូក កីឡាករ និងកីឡាការិនី ចំនួន១,៤៩០នាក់ (ស្រី៦០នាក់) ក្នុងនោះ កីឡាករពេញសិទ្ធចំនួន ១,០៩៣នាក់ កីឡាករបម្រុងមានចំនួន ៣៩៧នាក់ (ក្នុងនោះមានកីឡាការិនីចំនួន ៦០នាក់)។

លោកអភិបាលខេត្តបានបញ្ជាក់ថា កីឡាករណាដែលជាប់ចំណាត់ជ័យលាភ រដ្ឋបាលខេត្តនឹងបញ្ជូនទៅប្រកួតនៅថ្នាក់ជាតិទូទាំងប្រទេស នាខែវិច្ឆិកា ខាមុខនេះផងដែរ។

លោកថា ក្នុងឱកាសបុណ្យអុំទូកនាឆ្នាំ២០២៤នេះរដ្ឋបាលខេត្តក៏បានរៀបចំការប្រណាំងទូក បណ្តែតប្រទីប បង្ហោះគោម បាញ់កាំជ្រួច ប្រគុំតន្រ្តីសម័យ នៅពេលរាត្រី និងបានរៀបចំតាំងពិព័រណ៌លក់ផលិតផលជាច្រើនតូបផងដែរ៕