2024-10-19 10:14
90

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ 

នៅក្នុងជំនួប ឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន  បានអបអរសាទរចំពោះការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ដែលជានាយករដ្ឋមន្ត្រីវ័យក្មេង សកម្ម និងជាបញ្ញវន្ត។ 

ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា សម្ដេចបវរធិបតីនឹងបន្តដឹកនាំ និងអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ 

ទន្ទឹមនឹងនេះ ឯកឧត្តមស៊ិនឡៈវង្ស ឃុតផៃធូន  បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ 

ឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន បានជម្រាបជូនសម្តេចបវរធិបតី អំពីវឌ្ឍនភាព និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាផងដែរ។ 

ជាការឆ្លើយតប សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងជាប្រពៃណីរវាងកម្ពុជា និងឡាវ ព្រមទាំងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ រវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ដែលនេះក៏ជាការចូលរួមចំណែកនៅក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ 

សម្ដេចបវរធិបតី និងឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន  បានផ្លាស់ប្ដូរយោបល់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗដែលរួមមានជាអាទិ៍៖ វិស័យថាមពល, ពាណិជ្ជកម្ម, ទេសចរណ៍, ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សំដៅជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ ក៏ដូចជាវិស័យសន្តិសុខ និងការពារជាតិផងដែរ៕