2024-10-20 10:50
61

ប៉ៃលិន៖ គិតត្រឹមម៉ោងប្រមាណជាង ១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ជំនន់ទឹកភ្លៀងដែលហូរធ្លាក់ពីលើភ្នំ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន បានស្រកអស់វិលត្រឡប់ ទៅសភាពធម្មតាវិញហើយ ប៉ុន្តែទំហំនៃការខូតខាតនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ព្រោះអាជ្ញាធរ និងមន្ត្រីជំនាញកំពុងធ្វើការសិក្សា និងវាយតម្លៃរួម។

លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានឱ្យដឹងថា៖ ជំនន់ទឹកភ្លៀងដែល ហូរធ្លាក់ពីភ្នំបានជន់លិចច្រកព្រំ បានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញ គិតត្រឹមម៉ោង ១២និង៤៧ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែតុលានេះ។ ដោយឡែកក្រុមការងារ កំពុងចុះរៀបចំសម្អាតបរិស្ថាន និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលបានបាត់បង់សម្ភារៈប្រើប្រាស់ និងស្បៀងអាហារជាបន្តបន្ទាប់។ 

ករណីគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ លោកស្រីបណ្ឌិតអភិបាលខេត្ត បានដឹកនាំក្រុមការងារថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ទីរជំនាញជុំវិញខេត្តបានជួយសង្គ្រោះប្រជាពលរដ្ឋដោយផ្ទាល់ទាន់សភាពការណ៍ភ្លាមៗ និងមិនមានប្រជាពលរដ្ឋណាម្នាក់   រងគ្រោះរហូតបាត់បង់ជីវិតនោះឡើយ។ 

លោកស្រីបណ្ឌិតអភិបាលខេត្តប៉ៃលិន បានជូនដំណឹងដល់បងប្អូនពលរដ្ឋ ជាម្ចាស់ម៉ូតូបានចតនៅច្រកទ្វារអន្តរជាតិព្រំ និងម៉ូតូបានហូរតាមទឹក សូមអញ្ចើញមកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយនូវឯកសារបញ្ចាក់ជាម្ចាស់កម្មសិទ្ធ ដោយក្រុមការងាររដ្ឋបាលខេត្តនៅរង់ចាំពិនិត្យ និងប្រគល់ជូនវិញ នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី១៩ ខែតុលានេះ  ដែលមានម៉ូតូចំនួន ៣៤ គ្រឿង និងបាត់ម៉ូតូមួយចំនួន ព្រមទាំងម៉ូតូកង់បី ០២គ្រឿងផងដែរ។

នៅក្នុងឱកាសនោះ លោកស្រីបណ្ឌិតអភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ដោយសារមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នាបង្កឱ្យមានទឹកហូរធ្លាក់ពីតំបន់ខ្ពង់រាបខ្លាំង ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់ អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីចៀសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងគំហុកច្រកទ្វារអន្តរជាតិព្រំ ទ្វាព្រំដែនត្រូវបានផ្អាករយៈពេលខ្លីប៉ុន្តែក្រោយទឹកបានស្រកអស់ច្រកទ្វាព្រំដែនអន្តរជាតិព្រំ បានបើកដំណើរការជាធម្មតានៅវេលាម៉ោង ៥រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ៕