2024-10-21 09:11
91

ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីចូលរួមពិធីចូលកាន់តំណែងរបស់ លោក Prabowo Subianto ជាប្រធានាធិបតីថ្មី និងលោក Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅរដ្ឋធានីហ្សាការតា។ អមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលនេះរួមមាន នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្ម ព្រមទាំងឥស្សរជន មួយចំនួនទៀត។ ឈ្លាតឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលក្រៅផ្លូវការជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និងលោក ចូកូ វីដូដូ (Joko Widodo) អតីតប្រធានាធិបតី នៃប្រទេសឥណ្ឌូណេស៊ីផងដែរ៕