2024-10-21 11:06
133

ក្រចេះ៖ លោក សរ ចំរ៉ុង អ្នកតំណាងរាស្ដ្រមណ្ឌលក្រចេះ និងជាអនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យផ្ទាល់សកម្មភាពនៃការពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ ស្ថិតក្នុងភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ គឺរៀបចំឡើងដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដឹកនាំដោយវេជ្ជបណ្ឌិត សាយ សំបូរ ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មានសហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ និងសហភាពសហពន្ធ័យុវជនកម្ពុជា (សសយក)។

លោកវេជ្ជបណ្ឌិត សាយ សំបូរ ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានឲ្យដឹងថា ក្រោមដំបូលសន្តិភាពតេជោ បន្តវេនដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ 

ផ្ដើមចេញពីយុទ្ធសាស្ត្រនេះ ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងចាត់ទុកបញ្ហាសុខទុក្ខ សុខភាព សុខុមាលភាពរបស់ប្រជាជននៅក្នុងខេត្តក្រចេះ និងគ្រប់សហគមន៍មូលដ្ឋាន ជាអទិភាពមួយដែលត្រូវគិតគូរយ៉ាងធំធេង។

លោកបន្តថាក្រោមការណែនាំរបស់លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានចុះមកជួយពិនិត្យព្យាបាល និងថែទាំសុខភាព ដែលជាទ្រព្យមិនអាចកាត់ថ្លៃបានជូនពុកម៉ែ លោកតា លោកយាយ បងប្អូន រួមចំណែកលើកស្ទួយជីវភាពគ្រួសារ កាត់បន្ថយការចំណាយលើសេវាសុខភាព និងចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់សុខុមាលភាពសង្គម។ មួយវិញទៀត ការងារមនុស្សធម៌នៅថ្ងៃនេះ គឺជាការផ្សារភ្ជាប់ និងលើកកម្ពស់ការផ្ដល់សេវារបស់មណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្តក្រចេះ ជាទីតាំងមូលដ្ឋានគ្រឹះ ជានិច្ចកាលនៅកៀកគិតជាមួយពុកម៉ែ បងប្អូន និងរងចាំទទួលបម្រើសេវាសុខភាព ជូនបងប្អូនប្រជាពលរដ្ឋរាល់ថ្ងៃ រាល់ខែ៕