2024-10-21 11:16
134

ខេត្តប៉ៃលិន៖ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា ការរៀបចំវេទិការពហុភាគីពាក់ព័ន្ធនេះឡើង គឺក្នុងគោលបំណង ដើម្បីស្វែងរកលទ្ធភាព និងផ្សាភ្ជាប់ទំនាក់ទំនងធ្វើជាដៃគូអាជីវកម្ម រវាងក្រុមកសិករអ្នកផលិតបន្លែ អ្នកប្រមូលទិញបន្លែ សហគមន៍កសិកម្ម ភោជនីដ្ឋាន ហាង/តូប អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុ, ព្រមទាំង បង្កើនកិច្ចសហការ រវាងអ្នកផ្តល់ធាតុចូលកសិកម្ម អ្នកផលិត អ្នកទិញដុំ សេវាដឹកជញ្ជូន មន្ត្រីកសិកម្មខេត្ត មន្ត្រីពាណិជ្ជកម្មខេត្ត និងអជ្ញាធរមូលដ្ឋានផងដែរ។

មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ បានរៀបចំវេទិការពហុភាគីពាក់ព័ន្ធ ស្តីពីការភ្ជាប់ទំនាក់់ទំនងរវាងក្រុមកសិករផលិតបន្លែ និងអ្នកប្រមូលទិញ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុ។ 

លោក សាយ សុផាត បានបន្តថា ក្រោយពីវេទិការនេះបានបញ្ចប់ យើងនឹងទទួលបានព័ត៌មាន ពីក្រុមអ្នកផលិតបន្លែ និងតម្រូវការទីផ្សាររបស់អ្នកប្រមូលទិញ។
 
ជ្រើសរើសបាន នូវតួអង្គសំខាន់ៗ ក្នុងខ្សែសង្វាក់ផលិតកម្ម ដើម្បីបង្កើតផលិតកម្មកសិកម្ម តាមកិច្ចសន្យា រវាងអ្នកប្រមូលទិញ អ្នកលក់ធាតុចូលកសិកម្ម និងភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុ។ 

លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន មានប្រសាសន៍ថា កន្លងទៅអជ្ញាធរខេត្ត មានការយកចិត្តទុកដាក់ខ្ពស់ លើការងារបង្កបង្កើនផលរបស់ប្រជាកសិករ ក៏ដូចជាការរកទីផ្សារដែលមានតម្លៃសមរម្យ ជូនដល់ប្រជាកសិករយើង និងតែងតែចុះដល់មូលដ្ឋានប្រជាពលរដ្ឋ ពិនិត្យលើការដាំដុះ ការប្រមូលផលរបស់ប្រជាកសិករ ពិសេសការដាំបន្លែបង្ការ នៅក្នុងខេត្ត និងបានជម្រុញដល់ប្រជាកសិករដាំបន្លែដែលមានគុណភាព មានសុវត្ថិភាព ទាំងអ្នកដាំ និងអ្នកទទួលទាន។

លោកបានបន្តថា ខេត្តប៉ៃលិន ដីមានគុណភាព មានជីជាតិល្អ និងអំណោយផលខ្ពស់ដល់វិស័យកសិកម្ម, ប្រជាកសិករយើងទទួលបានទិន្នផលខ្ពស់ ពីវិស័យកសិកម្មនេះ ដែលបានជួយលើកស្ទួយជីវភាពគ្រួសារមួយកម្រិតធំ។ 

ទាំងនេះ គឺកើតមានឡើង ដោយសារប្រទេសជាតិរបស់យើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ៕