2024-10-21 13:45
59

(ហឺណាន)៖ បន្ទាប់ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករ-កីឡាការីនីចូលរួមព្រឹត្តិការណ៍បើកពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ និងព្រឹត្តិការណ៍ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» រួចមក លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបជាមួយបណ្តាក្រុមហ៊ុន សហគ្រាសទេសចរណ៍សំខាន់ៗរបស់ក្រុងចឹងចូវ និងខេត្តហឺណាន សរុបចំនួន២២ក្រុមហ៊ុន និងសហគ្រាសដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារលំដាប់ខ្ពស់ និងនាំភ្ញៀវទេសចរ រួមជាមួយផ្នែកពាក់ព័ន្ធដូចជា ប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ វិទ្យុចិន សមាគមទេសចរណ៍ខេត្តហឺណាន សមាគមវ៉ូស៊ូខេត្តហឺណានជាដើម។

ក្នុងឱកាសនៃជំនួបនោះ លោករដ្ឋមន្រ្តីបានបញ្ជាក់ជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។

បន្ទាប់ពីបានជួបពិភាក្សាការងារ ក្រុមហ៊ុនទាំងអស់បានឯកភាពថានឹងរៀបចំដំណើរទស្សនកិច្ចទៅស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ព្រមទាំងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចិន និងបរទេសពីខេត្តហឺណាន និងខេត្តជុំវិញ មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ក្នុងគោលដៅជំរុញលំហូរភ្ញៀវទេសចរមកកម្ពុជាយ៉ាងហោចណាស់ឱ្យបាន១លាននាក់ក្នុងមួយឆ្នាំ៕