2024-10-22 09:53
118

(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញបិទការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់             សម្តេចមហាបវរធិបតី» នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យចូលរួមអភិរក្សក្បាច់គុនបុរាណខ្មែរ ឱ្យកាន់តែរុងរឿងថែមទៀត និងជំរុញឱ្យមានការផ្សព្វ ផ្សាយក្បាច់គុនចម្រុះខ្មែរបុរាណឱ្យបានកាន់តែទូលំទូលាយ ដោយសង្ឃឹមថានឹងមានការជំរុញហាត់ក្បាច់គុនខ្មែរឱ្យបានច្រើន។

ជាមួយគ្នានោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅសម័យសកលភាវូបនីយកម្មងាយស្រួលណាស់ ចម្លងពីគេ និងងាយស្រួលណាស់ទទួលវប្បធម៌ពីគេ។ 

ប៉ុន្តែយើងក៏មានវប្បធម៌ អរិយធម៌របស់ខ្លួន ហើយរដ្ឋាភិបាលមិនបានហាម ការកែច្នៃ ការប្រឌិត តែយើងត្រូវយកឱកាសនេះដើម្បីចងក្រង និងផ្សព្វផ្សាយអត្តសញ្ញាណជាតិ ក្បាច់គុន ខណៈមានលោកគ្រូក្បាច់គុនខ្មែរជាច្រើនរូប បានបើកក្លឹបបង្ហាត់គុនខ្មែរនៅបរទេស ដូច្នេះសូមជំរុញលើកទឹកចិត្តឱ្យបន្តការ បង្ហាត់ក្បាច់គុនខ្មែរនៅបរទេសបន្ថែមទៀត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា សម្តេចបានពិភាក្សាបង្កើតក្លឹបហាត់ក្បាច់គុននៅកម្ពុជា ដើម្បីឱ្យបរទេសមកហាត់ក្បាច់គុនខ្មែរ ខណៈបច្ចុប្បន្ននេះ មានជនជាតិបរទេសបានក្លាយជាគ្រូបង្វឹក ក្បាច់គុនខ្មែរ បានចូលរួមផ្សព្វផ្សាតក្បាច់គុនខ្មែរនៅលើឆាកអន្តរជាតិ។ 

ដូច្នេះកម្ពុជាមានវប្បធម៌ អរិយធម៌ ត្រូវតែខិតខំផ្សព្វផ្សាយបន្ត ប៉ុន្តែត្រូវចាប់ផ្តើមពីខ្មែរយើងមុនគេ គឺធ្វើយ៉ាងណារួមគ្នាផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនូវវប្បធម៌ និងក្បាច់គុនខ្មែរទាំងអស់គ្នា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានជំរុញ និងដាក់ឱ្យអនុវត្តន៍ហ្វឹកហ្វឺនហាត់ក្បាច់គុននៅកងយោធមពលខេមរភូមិន្ទ មន្ត្រីនគរបាល និងតាមសាលារៀននានា ដោយសង្ឃឹមថានឹងជំរុញការប្រើប្រាស់ ហាត់ក្បាច់គុនរបស់ខ្មែរឱ្យបានច្រើនបន្ថែមទៀត។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមិនហាមឃាត់អ្នកហាត់ក្បាច់គុនការ៉ាត់តេ តៃក្វាន់ដូទេ ខ្ញុំពីមុនក៏ធ្លាប់ហាត់ការ៉ាត់តេ តៃក្វាន់ដូដែរ។ ប៉ុន្តែយើងត្រូវធ្វើយ៉ាងម៉េចដាក់ប្រើប្រាស់កក្បាច់គុនខ្មែរឱ្យបានច្រើន ជំរុញឱ្យរៀបចំ យើងមិនបានហាមឃាត់ការហ្វឹកហ្វឺនក្បាច់គុនប្រទេសណា ប៉ុន្តែក្បាច់គុនយើងខ្មែរ ក៏ត្រូវតែបន្តជំរុញអនុវត្តឱ្យបានច្រើន ហើយបងប្អូនខ្មែរនៅទីនេះគឺជាតួអង្គផ្ទាល់តែម្តងចូលរួមក្នុងការអភិវឌ្ឍនិងអភិរក្សក្បាច់គុនបុរាណខ្មែររបស់យើងសូមបន្តតទៅទៀត»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យព្រឹទ្ធចារ្យក្បាច់គុនទាំងអស់ ប្រមូលចងក្រងក្បាច់គុនខ្មែរនានាឱ្យបានច្រើនដើម្បីចងជាឯកសារសម្រាប់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ។ 

សម្តេចក៏បានសម្រេចបានបង្កើតគណៈកម្មការចងក្រងគម្ពី អាថ៌កំបាំង យុទ្ធគុនខ្មែរបុរាណ ដើម្បីប្រមូលចងក្រងក្បាច់គុនខ្មែរជាដើម។ 

សម្រាប់ព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំ សង្ឃឹមថានឹងមានក្បាច់គុនចំបាប់កាន់តែច្រើនឡើងចូលរួមប្រកួត ដើម្បីបង្ហាញអន្តរជាតិឱ្យបានឃើញ។

សម្តេចមហាបវរធិបតី សូមចូលរួមអបអរសាទរអ្នកដែលបានទទួលបានមេដាយ និងលើកទឹកចិត្តចំពោះអ្នកដែលមិនបានទទួលមេដាយ។ 

ជោគជ័យនេះគឺជាជោគជ័យរបស់យើងទាំងអស់គ្នា។ 

សម្តេចបានថ្លែងថា សុបិនរបស់សម្តេចគឺចង់រៀបចំការប្រកួតក្បាច់គុនចម្រុះ និងចង់ស្រក់ទឹកភ្នែក នៅពេលដែលឃើញការសម្តែងក្បាច់គុនបុរាណខ្មែរ៕