2024-10-25 13:26
40

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំជឿតាមការញុះញង់របស់មេខ្យល់ ដែលអះអាងថា ចុះឈ្មោះដើម្បីបានដីសម្បទានសង្គមកិច្ច។ សម្តេចបានបញ្ជាក់ថា មិនមានគោលការណ៍ចែកដីសម្បទាននោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសសម្ពោធទំនប់អូរតេធិបតីសមិទ្ធផលថ្មីលើទឹកដីខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

ករណីនេះដែរ សម្តេចមហាបវរធិបតី ក៏បានស្នើអាជ្ញាធរសមត្ថកិច្ច ស្រាវជ្រាវរកមេខ្យល់នោះដើម្បីអនុវត្តច្បាប់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានប្រកាស រឿងដីសម្បទានសង្គមកិច្ច ក្រុមការងារកំពុងរៀបចំ និងប្រកាសចាប់ផ្តើមពីដើមឆ្នាំក្រោយ ប៉ុន្តែខ្ញុំមើលហ្វេសប៊ុកល្ងាចមិញមានមេខ្យល់ទៅដើរបំផុសប្រជាពលរដ្ឋដើម្បីចុះឈ្មោះយកដីសម្បទាន។ 

ខ្ញុំសូមបញ្ជាក់ អត់មានទេ អត់មានមេខ្យល់ណាទៅបំផុស ដើម្បីយកដីសម្បទានទេ។ 

បើចុះឈ្មោះត្រូវតាមយន្តការរដ្ឋ។ កន្លងទៅយើងមានយន្តការដីសម្បទានចុះឈ្មោះតាមអាជ្ញាធរ ក្រៅពីហ្នឹងក្រោយពីគណៈកម្មការបង្កើតយើងមានការផ្សព្វផ្សាយច្បាស់លាស់»។

សូមជម្រាបថា ថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានព្រមានចំពោះអ្នកដែលខ្ចីដៃប្រជាពលរដ្ឋ ដើម្បីបំពេញមហិច្ឆតាចង់បានដីរដ្ឋ ពីព្រោះអ្នកខ្លះបន្លំខ្លួនជាតំណាងពលរដ្ឋក្រីក្រ ដើម្បីស្នើសុំដីរាប់ពាន់ហិកតាពីរដ្ឋ ដែលសម្តេចចាត់ទុកថា នោះគឺជាបទល្មើសត្រូវប្រឈមនឹងផ្លូវច្បាប់។ 

សម្តេច បានលើកឡើងថា រាជរដ្ឋាភិបាលក៏មានយន្តការច្បាស់លាស់ ក្នុងការផ្ដល់ដីជូនប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ រាជរដ្ឋាភិបាលកំពុងរៀបចំយន្តការ រៀបចំនីតិវិធីចុះបញ្ជី វាស់វែងឲ្យបានច្បាស់ ចៀសវាងកន្ទេលធំបន្លំដេក។ 

ប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ រដ្ឋបានអនុវត្តគោលនយោបាយដីសម្បទានសេដ្ឋកិច្ចជាប់ជាប្រចាំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា តាមរយៈយន្តការដែលមានស្រាប់ រាជរដ្ឋាភិបាលនឹងបង្កើតគណៈកម្មាធិការជាតិ ដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ ខណៈបច្ចុប្បន្នកំពុងចុះសិក្សាទីតាំង និងនីតិវិធី ដើម្បីផ្ដល់ដីឱ្យប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ហើយជួយក្នុងការកសាងភូមិឃុំនៅលើដីថ្មីនោះ៕