2024-10-25 01:10
40

(មណ្ឌលគិរី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តលើកជាសំណួរទៅមេដឹកនាំក្រុមប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេសថា ពេលនៅជាសមាជិកសភា ហេតុអ្វីមិនស្នើសុំដកកម្ពុជាពីកិច្ចសហប្រតិបត្តិការ CLV-DTA?

 ហេតុអ្វីទើបមកតវ៉ាអុចអាលនាពេលក្រោយមកនេះ? តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ?

សម្តេចមហាបវរធិបតីចោទសួរបែបនេះ នាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ទំនប់អូរតេធិបតី ស្ថិតនៅខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ខណៈខេត្តមណ្ឌលគិរី រួមជាមួយខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ក៏ធ្លាប់ស្ថិតក្នុងកិច្ចសហប្រតិបត្តិការ CLV-DTA នោះដែរ។

សម្ដេចបវរធិបតីបានរំឭកថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដកចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA កាលពីពេលកន្លទៅរួចមកហើយ ប៉ុន្តែមានអ្នកមួយចំនួននៅតែតវ៉ា រិះគន់ អុចអាលរឿង CLV-DTA នេះដដែល ខ្លះថារាជរដ្ឋាភិបាលភូតភរប្រជាពលរដ្ឋជាដើម។

សម្ដេចបវរធិបតីបានជម្រាបជូនសាជាថ្មីថា ចាប់ពីពេលនេះទៅ កម្ពុជានឹងមិនមានកិច្ចសហប្រតិបត្តិការបែបនេះ ឬកិច្ចប្រជុំបែបនេះជាមួយភាគីពាក់ព័ន្ធទៀតនោះឡើយ។ 

កិច្ចសហប្រតិបត្តិការ CLV-DTA មិនមែនជាក្របខណ្ឌអភិវឌ្ឍតំបន់ភាគឦសានតែមួយគត់នោះទេ ប៉ុន្តែការដកចេញពីកិច្ចសហប្រតិបត្តិការនេះជាការសម្រេចចិត្តរបស់កម្ពុជា ដើម្បីកុំឱ្យមានការព្រួយបារម្ភ ការមន្ទិលសង្ស័យពីសំណាក់ប្រជាពលរដ្ឋ និងកុំឱ្យក្រុមប្រឆាំងបានជាលេសបំភ្លៃប្រជាពលរដ្ឋក្រៅប្រទេសតទៅទៀត។

ទោះបីយ៉ាងនេះក្ដី តែអ្នកនយោបាយខ្លះនៅតែបន្តអុចអាល និងឈានទៅដល់បបួលពលរដ្ឋខ្មែរនៅក្រៅប្រទេសធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «អ្វីដែលគួរអស់សំណើច អ្នកដឹកនាំគេ អ្នកបំផុសគេទាំងនោះ ដែលមានអតីតគណបក្សសមរង្ស៊ី ក្រោយមកមានអតីតគណបក្សសង្គ្រោះជាតិ ពេលដែលខ្លួននៅក្នុងសភា កាលដែលអនុវត្តកិច្ចព្រមព្រៀង CLV នេះ ហេតុអីមិនសើរើពេលនោះ មានពេលខ្លះបញ្ជូនសមាជិកបក្សរបស់ខ្លួនចូលទៅប្រជុំ តែអត់មាននិយាយអីទាំងអស់ ទើបតែឥឡូវមកថារឿងហ្នឹងខុសថាមិនល្អ»។

ចំណុចនេះជារឿងគួរឲ្យអស់សំណើចណាស់ ដែលក្រុមប្រឆាំងកំពុងបង្កឡើង ដើម្បីតែកេងចំណេញនយោបាយ ហើយមិនគិតពីផលប្រយោជន៍ជាតិ បាត់បង់សុចរិតភាពក្នុងនាមជាអ្នកនយោបាយចាស់វស្សា។ នេះបើតាមសម្ដេចធិបតីនាយករដ្ឋមន្ត្រី។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើដល់យុវជនមួយចំនួននៅក្រៅប្រទេស ដែលត្រូវគេបង្វក់ គួរតែចោទសួរពីចំណុចនេះទៅកាន់មេដឹកនាំប្រឆាំងរបស់ខ្លួន ហើយតើវាជាអាថ៌កំបាំងអ្វីបានទើបតែចេញមកពេលនេះ៕