2024-10-31 13:36
41

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ដ៏ល្អប្រសើរចំណុចនេះបានដែលបង្ហាញឱ្យឃើញពីការរួបរួមសាមគ្គីរបស់ខ្មែរ ស្មារតីព្រលឹងនៃកីឡា នៅក្នុងសម័យសន្តិភាព។

ការថ្លែងអំណរគុណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមបុព្វបទ «កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ» ដើម្បីលើកទឹកចិត្តដល់ប្រតិភូកីឡាក្រសួង និងរាជធានី ខេត្ត និងកីឡាករ កីឡាការិនី ដែលបានចាប់ផ្តើមប្រកួត ចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសេចក្តីសោមនស្សរីករាយក្រៃលែង បានអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២។ សម្តេចបានថ្លែងថា ដោយទឹកមុខសប្បាយរីករាយថា នៅថ្ងៃនេះសូម្បីតែទេវតា ក៏ចូលរួមសប្បាយអបអរសាទរជាមួយនឹងប្រជាពលរដ្ឋខ្មែរ ចំពោះព្រឹត្តិការណ៍កីឡាជាតិនេះផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ត្រជាក់ត្រជុំជោគជាំ តែអរគុណណាស់ចំពោះការរៀបចំដែលយើងបានធ្វើនៅថ្ងៃនេះ បង្ហាញនូវស្មារតីសាមគ្គីគ្នា ស្មារតីនៃព្រលឹងនៃកីឡារបស់យើង កម្ពុជារួមគ្នានៅក្នុងសម័យសន្តិភាព»។

ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នេះគឺជាលើកទី២ហើយ ដែលសម្តេចបានចូលរួមនៅក្នុងកម្មវិធីដែលរៀបចំផ្ទាល់មានទ្រង់ទ្រាយធំក្រោយពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២។ សម្តេចបវរធិបតី ក៏បានថ្លែងអំណរគុណដល់ក្រុមសិល្បករ សិល្បការិនីទាំងអស់ ដែលបានចូលរួមនៅក្នុងកម្មវិធីសម្តែងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ផងដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងថា ការរៀបចំការប្រកួតកីឡា បានផ្ដល់ប្រយោជន៍ជាច្រើនសង្គម ដូចជានយោបាយការទូត សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារពាណិជ្ជកម្ម ទាក់ទាញភ្ញៀវទេសចរជាដើម និងបានរឹតចំណងទំនាក់ទំនងអន្តរជាតិ។

គួរឱ្យដឹងថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ មានការចូលរួមពីរាជធានី ខេត្តទាំង២៥ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកីឡាករ កីឡាការិនី មន្ត្រីដឹកនាំ និងគ្រូបង្វឹក អ្នកចូលរួមសរុប ៤៥២២ នាក់។ 

ប្រភេទកីឡាដែលត្រូវចូលរួមប្រកួតកីឡាជាតិលើកទី៤ មានចំនួន៣៦ រួមមាន៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ ហែលទឹក តេក្វាន់ដូ ITF តេក្វាន់ដូWT ប៉េតង់ គុនដាវ គុនល្បុក្កតោ ប្រដាល់សកល យូដូ ចំបាប់ ប្រដាល់គុនខ្មែរ វាយកូនបាល់ ការ៉ាតេ កាយសម្ព័ន្ធ ទោចក្រយាន សូហ្វតិន្នីស សីដក់ វូស៊ូ ហុគី ឃីកបុកស៊ីង រាំ ជឺជីតស៊ូ ទូកប្រពៃណី ទូកក្តោង លើកទម្ងន់ ប៊ីយ៉ានិងស្នូកឃ័រ ទ្រីយ៉ាត្លុង វាយកូនគោល ម៉ូតូទឹក អុកចត្រង្គ និងវ៉ូវីណាម និងមានវិញ្ញាសាសរុប  ៣២៨។

ចំពោះប្រភេទកីឡាដែលត្រូវចូលរួមប្រកួតកីឡាជាតិជនពិការលើកទី២ មានចំនួន១៣  រួមមាន៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ បាល់ទះអង្គុយ បូស្យា វាយកូនឃ្លីលើតុជនពិការ អុកជនពិការ លើកទម្ងន់ជនពិការ យូដូជនពិការ វាយសីជនពិការ បាល់ទាត់ជនពិការភ្នែក៥ម្ខាង បាល់បោះជនពិការភ្នែក និងអេឡិចត្រូនិច ជនពិការ និងមានវិញ្ញាសាសរុបចំនួន៥៥។

សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ខេត្តកែប ព្រះសីហនុ កំពង់ឆ្នាំង និងខេត្តស្វាយរៀង ក្រោមកិច្ចសហការរៀបចំរវាងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ៕